(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សហការជាមួយផ្នែកពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះពិនិត្យមនី្ទរពេទ្យហ្លួងម៉ែ ដែលមានទីតាំងឋិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរៀបចំជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ក្រោយពេលស្ថានភាពកូវីដ១៩ នៅកម្ពុជាបានធូរស្បើយ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា ឱ្យក្រសួងសុខាភិបាល សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំមនី្ទរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ដូច្នេះហើយទើបព្រឹកនេះថ្នាក់ដឹកនាំ ចុះពិនិត្យ និងវាយតម្លៃ នូវសម្ភារបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ដែលអាចប្រើបា្រស់បាន និងអ្វីដែលក្រសួងត្រូវបំពេញបន្ថែម និងធ្វើផែនការមេ ដើម្បីធ្វើឲ្យសម្រេចបាននូវមនី្ទរពេទ្យហ្លួងម៉ែនេះ ឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេស នឹងពន្លឿនដំណើរការនៃការរៀបចំមនី្ទរពេទ្យនេះ ឲ្យបានលឿនតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដើម្បីផ្តល់សេវាព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋ ដំណាក់កាលដំបូង ដូចជាការថែទាំប្រើជាតិគីមី និងការវះកាត់តូច និងពង្រីកជាបន្តបន្ទាប់ទៀត ដោយបន្ថែមម៉ាស៊ីនកាន់តែទំនើបៗ ដើម្បីធ្វើឲ្យការព្យាបាលជំងឺមហារីក កាន់តែខ្ពស់ និងមានប្រសិទ្ធភាព។

លោកបានបន្តថា ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏មានផែនការច្បាស់លាស់ ក្នុងការសាងសង់មនី្ទរពេទ្យ និងមណ្ឌលសុខភាព តាមបណ្តាខេត្តនានា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ជារឿងមួយដោយឡែក។ ដូច្នេះសំខាន់បំផុត គឺមានធនធានមនុស្សដែលមានចំណេះចេះប្រើ ហើយទើបយើងយកឧបករណ៍បរិក្ខារវេជ្ជសាស្រ្តមកដាក់ឲ្យដំណើរការ ជួនកាលយើងមានឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ប៉ុន្តែខ្វះធនធានមនុស្សដែលចេះប្រើប្រាស់ គឺយកមកទុកអត់ប្រយោជន៍។ ដូច្នេះសំខាន់ណាស់ ត្រូវធ្វើការបណ្តុះបណ្តាលធនធានមនុស្សជាមុនដែលចេះប្រាកដប្រជា៕