(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមន៍អតីតយុទ្ធជនកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី១៥ នៃទិវាសមាគមន៍អតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។

បន្ទាប់ពីការអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕