(សៀមរាប)៖ ខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី កំពុងស្វះស្វែងរកចាប់ជនខិលខូច ដែលបានលួចកាប់ដើមគ្រញូង៤ដើម ក្នុងចម្ការពូជឈើគ្រញូង ដែលមានអាយុប្រមាណ៥០ឆ្នាំ។
លោក ម៉ុង ប៊ុនលីម ប្រធានខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានប្រាប់ Fresh News នៅថ្ងៃទី១៧ ខែមិថុនានេះថា ដើមឈើគ្រញូងចំនួន២ដើម ត្រូវបានជនខិលខូចលួចកាប់ នៅថ្ងៃទី១៤ ខែមិថុនា និង២ដើមទៀតលួចកាប់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ដែលមានទំហំ៣តឹក ដែលមានអាយុកាល៥០ឆ្នាំហើយ។
លោក ម៉ុង ប៊ុនលីម បានបន្តថា នៅតាមភូមិជុំវិញតំបន់ចម្ការពូជឈើគ្រញូង ខាងជំនាញរបស់លោកបានដាក់សំណើទៅស្នងការខេត្ត ដើម្បីស៊ើបការណ៍នៅតាមភូមិ និងមានបណ្តាញពីប្រជាពលរដ្ឋ ប្រជាការពារ រហូតដល់កម្លាំងភូមិភាគ ថែមទាំងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីភូមិ ឃុំ ដើម្បីស្វែងរកជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ដើមគ្រញូងចំនួន០៤ដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំ ត្រូវបានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ នៅក្នុងចម្ការពូជឈើគ្រញូង ដែលមានទំហំ១៨៨០ហិកតា ស្ថិតនៅភូមិខ្នាតពោធិ៍ និងភូមិវត្ត ឃុំស្រែពោធិ៍ ស្រុកវ៉ារិន ភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប។
ជាមួយនេះ លោក ម៉ុង ប៊ុនលីម អំពាវនាវដល់សាធារណជនដែលបានស្គាល់ ដឹងដំណឹង ពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើសបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន១,០០០ដុល្លារ (មួយពាន់ ដុល្លារអាមេរិច) ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ មិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះឡើយ។
សូមបញ្ជាក់ថា រឿងរ៉ាវទាំងនេះមិនមែនជារឿងថ្មីឡើយ កន្លងមកនៅក្នុងតំបន់រមណីយដ្ឋានអង្គរឯណេះវិញ ក៏ឧស្សាហ៍មានករណីលួចកាប់ដើមគ្រញូង និងប្រភេទឈើល្អៗផងដែរ តែជនខិលខូច មិនងាយរកឃើញឡើយ។ សាធារណបានចាប់អារម្មណ៍ចំពោះរឿងរ៉ាវទាំងនោះ និងសំណូមពរឱ្យសមត្ថកិច្ចវែកមុខជនខិលខូចមកផ្ដន្ទាទោសឱ្យខានតែបាន៕