(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័ត ម្ហូបអាហារ ចុះត្រួតពិនិត្យ ផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ នៅផ្សារដើមគ ដោយដកយកគំរូប ចំនួន ៤២គំរូ រួមមាន សណ្តែកបណ្តុះ ខ្ញីហាន់ ម្ទេស ស្លឹកខ្ទឹម ប៉េងប៉ោះ ខ្ទឹមបារាំង ការ៉ុត ជីគ្រប់មុខ ស្ពៃតឿ ស្ពៃចង្កឹះ គ្រឿងសមុទ្រ ផ្អកម៉ាំ -ល- មកពិសោធន៍ ដើម្បីសារធាតុគីមីហាមឃាត់។
លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា ជាលទ្ធផល រកមិនឃើញផលិតផលណាមួយ មានផ្ទុកសារធាតុគីមី ឬសំណល់កសិកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ឬអ្នកបរិភោគឡើយ។
លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំ ត្រួតពិនិត្យផលិតផលទំនិញ អង្កេតស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញ នៅតាមទីសាធារណៈនានា ដោយអនុវត្ត តាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធនឹងគុណភាពសុវត្ថិភាពទំនិញសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕