(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ និងលើកទឹសដៅបន្តសម្រាប់ ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង។
ការបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងនាពេលនេះ ធ្វើឡើងបន្ទាប់អង្គសន្តិតបាតបានដំណើរការអស់រយៈពេល១ថ្ងៃកន្លះ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ប្រធានការិយាល័យក្រុងស្រុក និងលោកគ្រូចំនួន១៤០នាក់។
លោក ប៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា សន្និបាតប្រចាំឆ្នាំដែលមមន្ទីរអប់រំធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។
លោកគូសបញ្ជាក់ថា ក្នុងរយៈពេល១ថ្ងៃកន្លះនេះ បានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរ និងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍អំពីគម្រោងសម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំរួមមានការកសាងសាលារៀន បង្គន់អនាម័យនៅតំបន់ដាច់ស្រយោល ព្រមទាំងការជួយទាំងសម្ភារបង្រៀន សម្ភារសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រងទប់ស្កាត់សិស្សបោះបង់ការសិក្សា ហើយសន្និបាតក៏បានសិក្សា ពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាផ្សេងៗទៀត។
លោក ញ៉ែម សារី បានថ្លែងថា វិស័យអប់រំនៅខេត្តស្ទឹងត្រែង កំពុងតែមានការវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់ ទោះបីជាឆ្នាំសិក្សា២០២០-២០២១ បានរងផលប៉ះពាល់ពីការឆ្លងរាលជាសកលនៃជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏លទ្ធផល នៅឆ្នាំសិក្សា២០២០-២០២១ ខេត្តស្ទឹងត្រែងទទួលបានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន៦នាក់ និងទទួលបានរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកន្លងមក។
លោក ញ៉ែម សារី បានវាយតម្លៃខ្ពស់ និងកោតសរសើលើថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នងការអនុវត្តការងារ ពិសេសក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានខិតខំប្រឹងប្រែងរៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗដូចជា ការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក (Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចដល់សិស្សានុសិស្ស និងការ និងការជួបផ្ទាល់របស់លោកគ្រូអ្នកគ្រូដល់ទាំងអស់ទូទាំងខេត្ត។
នាឱកាសនេះលោក ញ៉ែម សារី បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ពិសេសលើគ្រូបង្រៀនតែម្តងដើម្បីឲ្យប្រព័ន្ធអប់រំ ក្នុងខេត្តកាន់តែមានភាពរឹងមាំនិងល្អប្រសើបន្ថែមទៀត៕