(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ព្រះពុទ្ធសាសនា បានបង្រៀនមនុស្សឲ្យចេះរស់នៅក្នុងសន្តិភាព និងគោរពគ្នាទៅវិញទៅមក ហេតុដូច្នេះហើយ សម្តេចបានស្នើសូមឲ្យថែរក្សាតម្លៃព្រះពុទ្ធសាសនា។
សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ ក្នុងពិធីថ្វាយគោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការថ្វាយពីក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវរួបរួមគ្នាធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងមិត្តភាព សាមគ្គីភាព ជំហររឹងមាំសម្រាប់រក្សាបាននូវតម្លៃពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយព្រះបរមពុទ្ធឱវាទ ឱ្យបានទូលំទូលាយដល់ស្រទាប់មនុស្សគ្រប់វ័យ។ យើងគ្មានជម្រើសណាល្អជាងនេះទេ ព្រោះថាពុទ្ធសាសនា បានបង្រៀនមនុស្សឲ្យចេះរស់នៅក្នុងសន្តិភាពជាមួយគ្នា និងគោរពគ្នាទៅវិញទៅមក ឲ្យចេះគោរពជំនឿទាំងឡាយរបស់អ្នកដទៃ ឲ្យចេះគោរពស្រឡាញ់ និងផ្តល់កិត្តិយសដល់ឪពុកម្ដាយ ចាស់ទុំរៀមច្បងជាដើម»។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា រដ្ឋធម្មនុញ្ញកម្ពុជា បានចារឹកទុកជាប្រវត្តិសាស្ត្រថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយផ្អែកលើហេតុផលនៃប្រជាពលរដ្ឋខ្មែរប្រមាណ ៩០ភាគរយ បានកាន់ព្រះពុទ្ធសាសនា យកពុទ្ធសាសនាជាវិថីជីវិតក្លាយជាព្រលឹងអត្តសញ្ញាណជាតិ ព្រមទាំងជាគ្រឹះ ជាឃ្លាំងនៃវប្បធម៌ខ្មែរ។
សម្ដេចបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិ ទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំសីលធម៌ ចរិយាធម៌ក្នុងសង្គមខ្មែររហូតបានក្លាយជាមូលដ្ឋានដ៏រឹងមាំ ក្នុងការទ្រទ្រង់អរិយធម៌វប្បធម៌ជាតិទាំងមូល។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ដល់ព្រះពុទ្ធសាសនា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ដើម្បីធានាបាននូវភាពរុងរឿង និងភាពរឹងមាំនៃវិស័យពុទ្ធចក្រឲ្យដើរទន្ទឹមវិស័យអាណាចក្រ។
សូមជម្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានទទួលការថ្វាយគោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ពីក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោយប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទដូចកម្ពុជាមួយនេះ មើលឃើញថាសម្តេចព្រះមហាសង្ឃរាជ មានស្នាព្រះហស្ត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អ និងព្រះបូជនីយកិច្ចដ៏ថ្លៃថ្លា ដើម្បីព្រះពុទ្ធសាសនា ក៏ដូចជាជួយមួយផ្នែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។
ក្រោយសម្តេចក្រឡាហោម ស ខេង ថ្លែងសុន្ទរកថាចប់ លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានប្រកាសថ្វាយដោយផ្ទាល់គោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ដល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នាឱកាសនោះផងដែរ៕