(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបំពេញប្រតិបត្តិការ យកសំណាកជូនប្រជាពលរដ្ឋខែ្មរ និងជនបរទេស ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។

ស្ថាប័នកងកម្លាំងប្រដាប់អាវុធ បានប្តូរឯកសណ្ឋានពណ៌ស សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចូលសមរភូមិមុខប្រយុទ្ធ រួមមាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងពលតូចថ្មើជើងលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

មេបញ្ជាការរង នាយរងសេនាធិការ យោធភូមិភាគទី៥ បានគូសបញ្ជាក់ថា កងកម្លាំង គឺបានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បានធ្វើប្រតិបត្តិការរួមគ្នាដោយយកចិត្តទុកដាក់ ជួយពន្លឿនការយកសំណាក ដើម្បីជួយទប់ស្កាត់ និងកាត់ផ្តាច់ឲ្យខាងតែបាននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅបណ្តាតំបន់ផ្សេងទៀត។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បានថ្លែងកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ និងការលះបង់ខ្ពស់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាក្នុងកាលៈទេសៈដ៏លំបាកនេះដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕