(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយពិធីនេះដែរ ក៏មានការរៀបចំពិធីសូត្រមន្តអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា។
ពិធីនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តចំពុះក្អែក មានការអមដំណើរដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមជាមួយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ
ស្ថិតក្នុងពិធីដ៏វិសេសវិសាលនេះ លោកស្រី ម៉ែន នារីសោភ័គ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនចង្ហាន់ ទេយ្យទាន ដល់ព្រះសង្ឃព្រមទាំងបានលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះរាជសុខភាពរឹងមាំ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ស្ថិតក្នុងឱកាសនេះលោក គង់ សោភ័ណ្ឌ បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ដែលកន្លងមកទ្រង់បានលះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណចំពោះព្រះរាជកិច្ច ដ៏មហាប្រពៃថ្លៃថ្លារបស់ទ្រង់ ដែលតែងតែយកព្រះរាជហឫទ័យទុកដាក់អំពីសុខុមាលភាពរបស់ប្រជានុរាស្ត្រ ព្រមទាំងបានបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ប្រកបដោយគុណធម៌ក្នុងវិស័យមនុស្សធម៌ ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ជាពិសេសព្រះអង្គតែងបានប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងបុព្វហេតុមនុស្សធម៌ ក្នុងការជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាពជូនប្រជារាស្ត្ររបស់ព្រះអង្គ។
ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃវត្តចំពុះក្អែក រួមមាន អង្ករ ២តោន មី ៣០កេស ត្រីខ ៣កេស ស្ករស ២៥គីឡូក្រាម តែ ៥គីឡូ ទឹកដោះគោខាប់ ១កេស កាហ្វេកញ្ចប់ ១៥ថង់ ស្មើនឹង ២កេស អូវ៉ាន់ទីន ២កេស ទឹកក្រូច ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ផ្លែឈើស្រស់ ១កន្រ្តក និងបច្ច័យ ១០លានរៀល៕