(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងបានអញ្ជើញចូលរួមកិច្ចសន្ទនាដែលី្លលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងញូវដេលី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា មុនពេលចាប់ផ្តើមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត បានចូលជួបសម្តែងការ គួរសមជាមួយ លោក Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើជូនពរពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះនាយករដ្ឋមន្រ្តីឥណ្ឌា និងបានរំលឹកអំពីកិច្ចសន្ទនាប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្រ្តីទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងកម្ពុជា-ឥណ្ឌា និងបានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្រោមមូលបទ «អាស៊ានរួមគា្នធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»

ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា បានទទួលស្គាល់សមិទ្ធផលជាច្រើនដែលសម្រេចបាន ក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានគាំទ្រយ៉ាងពេញទំហឹងចំពោះមជ្ឈភាពអាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន និងកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC 2025) និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ។ល។

ក្នុងការសម្តែងនូវការកោតសរសើរចំពោះការគាំទ្ររបស់ឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បាននិយាយលើកតម្កើងផងដែរនូវការរួមចំណែករបស់ឥណ្ឌា ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសកលលោក រួមទាំងក្នុងតំបន់អាស៊ានផងដែរ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ឥណ្ឌា រួមទាំងការកំណត់ឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន- ឥណ្ឌា» ជាមួយនឹងព្រឹត្តិការណ៍អមជាច្រើនដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

ចំពោះទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអាស៊ាន-ឥណ្ឌា រដ្ឋមន្ត្រីការបទេសអាស៊ាន-ឥណ្ឌា បានព្រមព្រៀងធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ដែលមានអត្ថន័យ ប្រកបដោយខ្លឹមសារ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយពិចារណាលើសក្តានុពលដ៏ធំនៃទំនាក់ទំនងដែលកំពុងបន្តរីកចម្រើន។ រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានសម្តែងសេចក្តីពេញចិត្តចំពោះវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការការងារសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបច្ចុប្បន្ន និងទន្ទឹងរង់ចាំការអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានសង្កត់ធ្ងន់លើសារសំខាន់ ក្នុងការការបង្កើនវិសាលភាព កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាឲ្យកាន់តែស៉ីជម្រៅថែមទៀត លើវិស័យផ្សេងៗ ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ឲ្យមានភាពធន់ថែមទៀត និងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នយូរអង្វែង នៅក្នុងតំបន់ ដែលមានសន្តិភាព ស្ថិរភាព និងសុខដុមរមនា។ ក្នុងចំណោមវិស័យនានាដែលបានរំលេចនៅក្នុងកិច្ចពិភាក្សា ជាអាទិ៍មាន៖ ការលើកកម្ពស់សមត្ថភាពសុខភាពសាធារណៈ ការផលិតវ៉ាក់សំាងបង្ការ ឱសថបុរាណ សេដ្ឋកិច្ចពណ៌ខៀវ កសិកម្មឆ្លាតវៃស្របអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ថាមពលស្អាត និងថាមពលកកើតឡើងវិញ ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់ផ្លូវគោក-ផ្លូវអាកាស-ផ្លូវសមុទ្រ។

រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវមូលនិធិអាស៊ាន-ឥណ្ឌា (AIF) មូលនិធិបៃតងអាស៊ាន-ឥណ្ឌា (AIGF) មូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា ក៏ដូចជាការផ្តល់ជូនរបស់ឥណ្ឌានូវបន្ទាត់ឥណទាន សម្រាប់គម្រោងតភ្ជាប់នានា។ ដើម្បីសម្រួល និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ច រដ្ឋមន្ត្រីការទេសអាស៊ាន-ឥណ្ឌា បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការពន្លឿនការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) និងបានអំពាវនាវឱ្យធ្វើការចាប់ផ្តើម ឡើងវិញឲ្យបានរួសរាន់នូវទេសចរណ៍ប្រកបដោយចីរភាព និងសុវត្ថិភាព។ អាស៊ានក៏បានលើកទឹកចិត្តឥណ្ឌា ឱ្យគាំទ្របដិវត្តន៍ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្ម។

នៅក្នុងអំឡុងពេលកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ដើម្បីប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងចូលរួមយ៉ាងសកម្មជាមួយអាស៊ាន ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដូចបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា។ ក្នុងវិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាឡើងវិញទ្វេដង ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ឲ្យបានចំនួន ២០០ពាន់លានដុល្លារសហរដ្ឋអាមរិក។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យធ្វើការបញ្ចប់ឲ្យបានឆាប់នូវផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយមានការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដោយសង្កត់ធ្ងន់លើសារសំខាន់ក្នុងការធ្វើសំយោគគ្នា រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងការតភ្ជាប់របស់ឥណ្ឌា ក្រោមក្របខ័ណ្ឌគោលនយោបាយធ្វើសកម្មភាពទិសខាងកើត។ ក្នុងវិស័យ សង្គម-វប្បធម៌ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីសារសំខាន់ក្នុងការកាត់បន្ថយគម្លាតឌីជីថល និងការលើកកម្ពស់អក្ខរកម្មឌីជីថល។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការគាំទ្របន្តដល់សកម្មភាពនានា ក្រោមផែនការការងារទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណ- កម្មអាស៊ាន (IAI Work Plan IV) ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងថែមទៀតលើការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ស្ត្រី និងសហគ្រិនវ័យក្មេងតាមរយៈការកសាង សមត្ថភាពឌីជីថល។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម រួមទាំងការវិវត្តនៃស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។

បន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញចូលថ្លែងសន្ទរកថា នៅក្នុងកិច្ចសន្ទនាដេល្លីលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក» ដោយបានពិភាក្សាអំពីសក្តានុពលនានានៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗដល់ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ការថែទាំសុខភាព ការតភ្ជាប់ឌីជីថល ទំនាក់ទំនងវប្បធម៌ សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត ខ្សែច្រវ៉ាក់តម្លៃសកលនិងតំបន់ដែលមានភាពធន់ ពាណិជ្ជកម្ម និងវិនិយោគ ថាមពល និងសកម្មភាពអាកាសធាតុ និងការខិតខំស្តារឡើងវិញពីជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការអនុវត្តឲ្យបានពេញលេញ នូវសេចក្តីថ្លែងការណ៍រួម ស្តីពីសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៉ីហ្វិក (IPOI) របស់ឥណ្ឌា។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងបានសង្កត់ធ្ងន់លើការស្តារវិស័យទេសចរណ៍ឡើងវិញ និងបានបញ្ជាក់ឡើងវិញអំពីសារសំខាន់ ក្នុងការបញ្ចប់ឱ្យបានឆាប់នូវផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញឱ្យមានប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងតំបន់ទាំងពីរឲ្យកើនឡើងកាន់តែច្រើនថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ឥណ្ឌាឱ្យគាំទ្របន្ថែមទៀត ដល់ការកសាងសមត្ថភាពអាស៊ាន ផ្នែកនវានុវត្តន៍ ឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យតំបន់អាចសម្របខ្លួនបានទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរក្សានិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ គឺមានសារសំខាន់ណាស់សម្រាប់តំបន់ទាំងពីរ និងពិភពលោក ដើម្បីពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព ព្រោះប្រព័ន្ធនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃវិបុលភាព ក្នុងរយៈពេល ៧ទសវត្សរ៍ ចុងក្រោយនេះ។

ក្រៅពីព្រឹត្តិការណ៍នៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោកស្រី ផនភិមុល កាន់ចាណាលាក់ (Pornpimol Kanchanalak) ប្រេសិតពិសេសរបស់ លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាមុតវិណៃ (Don Pramudwinai) រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីផ្លាស់ប្តូរយោបល់អំពីការផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការជំនួយបំផុត នៅមីយ៉ាន់ម៉ា៕