(ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានចេញមុខរិះគន់ធ្ងន់ៗចំពោះលោក សម រង្ស៉ី និងបក្ខពួកតាមបណ្តាញសង្គមដោយលើកឡើងថា ការចែកផ្លូវគ្នារវាង លោក សម រង្ស៉ី និងលោក កឹម សុខា នាពេលនេះ ដោយសារតែ លោក សម រង្ស៉ី និងបក្ខពួកខ្វះសច្ចភាព។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កញ្ញា កឹម មនោវិទ្យា បានលើកឡើងដូច្នេះថា៖ «ក្រុម សម រង្ស៉ី៖ លោកអ្នកខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថាខ្លួនជាអ្នកបោះបង់់ វាយប្រហារ ព្យាយាមកម្ចាត់ និងដើរចេញពី លោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី»។
កញ្ញាបានបន្តថា «យើងហ៊ានរិះគន់លោកអ្នកជាចំហរ យើងហ៊ានបង្ហាញកំហុសលោកអ្នក យើងមានសច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការដែលលោកអ្នកគ្មានសច្ចភាពនេះហើយ ដែលធ្វើឱ្យយើងចែកផ្លូវគ្នាជាស្ថាពរ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសជាថ្មីអំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅនិរទេស។
ការប្រកាសរបស់ លោក កឹម សុខា បានធ្វើឡើង បន្ទាប់ពី លោក សម រង្ស៉ី បានវាយប្រហាររូបលោកចំពោះការមិនចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន ដែលជាចលនាប្រឆាំងដ៏ខ្លាំងថ្មីមួយ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ៕