(បន្ទាយមានជ័យ)៖ បុរស២នាក់ បានលង់ទឹកស្លាប់ នៅកន្លែងកំសាន្តអូរខែដន ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១៖៣០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឡេះ ស៊ីណាន អាយុ២៤ឆ្នាំ មុខរបរធ្វើការស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនរងគ្រោះទី២ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុប្រហែល២០ឆ្នាំ ម្ចាស់ខ្សូសអ្នកជួយ ត្រូវលង់ទឹកស្លាប់ដូចគ្នា។
មិត្តភក្តិជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៧ទៅ៨នាក់ មានប្រុសមានស្រី ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា បាននាំគ្នាញ៉ាំកម្សាន្តនៅកន្លែងទីតាំងខាងលើ។ បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់ លង់ធ្លាក់ទៅក្នុងទឹកតែម្តង។
ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេជួយ ស្រាប់តែមានបុរសម្នាក់ទៀត ជនរងគ្រោះទី២ ចុះទៅជួយតែពេលលោតចូលទឹកស្រាប់តែប្រកាច់ដូចឆក់ខ្សែភ្លើងឆក់ ក៏លង់លិចបាត់ទៅ។
ក្រោយពីកើតហេតុ គេសង្កេតឃើញថា អាជ្ញាធរ រួមទាំងកម្លាំងមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងយោធា ជាច្រើននាក់ កំពុងស្វះស្វែងរកមុជទឹករាវរក តែសពជនរងគ្រោះទាំងពីរ រហូតមកទល់ម៉ោង ៣៖៤០នាទីថ្ងៃដដែលនេះ នៅមិនរកឃើញនៅឡើយទេ៕