(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ នូវសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្មាយុ ៨៦ យាងចូល ៨៧ ព្រះវស្សា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ក្នុងសារថ្វាយព្រះពរ យ៉ាងដូច្នេះថា «ក្នុងឱកាសដ៏នក្ខត្តប្ញក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងនាមទូលព្រះបង្គំនិងភរិយា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតខ្មែរ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទៅ»។
ទូលព្រះបង្គំជាកូន ចៅ ចៅទួតទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតគោរពកោតសរសើរ និងចងចាំជានិច្ចចំពោះព្រះរាជស្នាព្រះហស្តរបស់សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ដ៏ឧត្តង្គឧត្តមចំពោះជាតិ និងប្រជារាស្ត្រតាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ព្រមទាំងវិស័យសង្គមកិច្ចជាដើមព្រះរាជគុណូបការៈរបស់ព្រះអង្គ មានតម្លៃមហាសែនថ្លៃថ្លាពុំអាចកាត់ថ្លៃបានឡើយ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏មហាសិរីមង្គលនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តបួងសួង ចំពោះគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី និងបារមីនៃអតីតព្រះមហាក្សត្រមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោះព្រំសព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រ ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈសូមព្រះអង្គប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់នៅជាម្លប់ដល់ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាជាកូន ចៅ ចៅទួតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ៕