(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ បណ្ណាល័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅជាន់ទី១ អគារ "ង" នាទីស្ដីការក្រសួង។នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនានេះ។
បើតាមក្រសួងសេដ្ឋកិច្ច ការដាក់ឱ្យដំណើរការ បណ្ណាល័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមើលឃើញ ពីសារៈសំខាន់នៃតម្រូវការ ក្នុងការសិក្សាស្រាវជ្រាវ និងពង្រឹងសមត្ថភាពចំណេះដឹងរបស់មន្ត្រីរាជការ ក្នុងការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព។
បណ្ណាល័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឯកសារ និងសៀវភៅផ្សេងៗទៀតជាច្រើនប្រភេទ ជាពិសេសពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជនអាចធ្វើការស្រាវជ្រាវបាន៕