(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសារមន្ទីរជាតិភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាមេរិក។ នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃ ជយន្តោ ប្រោះព្រំ សុំសិរីសួសួស្តី ផងដែរ។

បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា «សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថាន ក្រុងញូវយ៉ក និងការិយាល័យស៉ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថាន ក្រុងញូវយ៉ក»

សេចក្តីជូនព័ត៌មានបន្តថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង២៧រូបនេះ ត្រូវបានបញ្ចូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា «សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម និងអសន្តិសុខកន្លងមក។ ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរមរតកខ្មែរ ដែលបានបាត់បង់ទាំងនោះត្រឡប់មកមាតុភូមិកំណើតវិញ»

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័នពាក់ព័ន្ធនានា របស់សហរដ្ឋអាមេរិក ជាពិសេស ការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថានក្រុងញូវយ៉ក, ការិយាល័យស៉ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងក្រសួងស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley J. Gordon និងលោក Steven Heimberg ដែលបានជួយក្នុងការស្រាវជ្រាវ និងបញ្ជូនរតនសម្បត្តិទាំងនេះ ត្រឡប់មកកម្ពុជាវិញ។

លោកស្រីបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យ ឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការ និងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ៕