(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមអាមេរិក ចូលរួមវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា ដែលកម្ពុជាកំពុងធ្វើការកែលំអរដើម្បីឱ្យតម្លៃដឹកជញ្ជូនមានតម្លៃថោក និងប្រើពេលវេលាតិចជាងមុន។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសយានយន្ត នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកយានយន្តនេះ បង្កើតឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន RMA Group។ មជ្ឈមណ្ឌលនេះផ្តល់ការបណ្តុះបណ្តាលដោយមិនគិតប្រាក់នោះឡើយ។

នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញផែនការមេក្នុងការកែលំអរ និងអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន ដើម្បីធ្វើឱ្យតម្លៃនៃការដឹកជញ្ជូននៅកម្ពុជាថោកជាងមុន និងប្រើពេលវេលាតិចជាងមុន អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកបណ្តាក់ទុននៅកម្ពុជា។

បើតាមលោក ស៊ុន ចាន់ថុល ផែនការមេអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូននេះ មានគម្រោងប្រហែលជា ៣៣០គម្រោង ដោយត្រូវការថវិកាវិនិយោគប្រមាណ ៥០ពាន់លានដុល្លារអាមេរិក និងប្រើពេលអភិវឌ្ឍន៍ ១០ឆ្នាំ។

ដើម្បីធ្វើឱ្យផែនការអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូនសម្រេចតាមផែនការនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនរថយន្ត ហ្វត (Ford) ក្រុមហ៊ុន RMA ជួយទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិកថែមទៀត ដើម្បីចូលរួមក្នុងការអនុវត្តន៍ ការអភិវឌ្ឍ ការវិនិយោគទៅលើប្រព័ន្ធឡូជីស្ទីកនៅកម្ពុជានេះ៕