(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ, លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ លោក ឡាយ ឈុនហួរ អនុប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងឱ្យសមាជិក សាមជិកា សហព័ន្ធស្រូវអង្ករកម្ពុជាសរុបចំនួន ៨រូប បានអញ្ជើញចូលរួមប្រគល់ថវិកាចំនួន ៣០ ១០០ ដុល្លារសហរដ្ឋអាមេរិកដែលបានបរិច្ចាកដោយសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៤៩ សហគ្រាស ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកម្មវិធីប្រគល់ទទួលប្រព្រឹត្តឡើងក្រោមអធិបតីភាព បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការប្រើប្រាស់សេវាកម្មធនាគារនេះ ដើម្បីប្រមូលវិភាគទានសប្បុរសធម៌ពីសាធារណជន នឹងផ្តល់លក្ខណៈងាយស្រួលដល់សាធារណជន ក្នុងការចូលរួមបរិច្ចាគវិភាគទាន ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការលើកកម្ពស់សុខុមាលភាពដល់មាតា ទារក និងកុមារ ដែលជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការកសាងកម្លាំងពលកម្ម ប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។

គូសបញ្ជាក់ថា សាធារណជនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជា សូមផ្ទេរ ឬដាក់ប្រាក់ចូលគណនីមូលនិធិគន្ឋបុប្ផាកម្ពុជា ដែលមានឈ្មោះ និងលេខគណនី នៅធនាគារ ARDB ដូចខាងក្រោម៖
* ឈ្មោះគណនី Cambodia Kantha Bopha Foundation * លេខគណនីជាប្រាក់រៀល៖ ១០២០០០០៣៧០ * លេខគណនីជាប្រាក់ដុល្លារអាមេរិក៖ ២០២០០០២៩៣១