(ភ្នំពេញ)៖ សណ្ឋាគារ Himawari បានប្រារព្ធខួប២២ឆ្នាំរបស់ខ្លួនដែលកកេីតនៅកម្ពុជា ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា និងលោកស្រី ទៀ ឡាយចេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី លី ធុច បានបង្ហាញការជឿជាក់ថា នៅចុងឆ្នាំ២០២២នេះ និងដើមឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិនឹងចេញដើមកម្សាន្តឡើងវិញ ហើយកម្ពុជាដែលមានប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ជាច្រើននឹងអាចទាក់ទាញភ្ញៀវទេសចរទាំងនោះឱ្យមកកម្សាន្តនៅកម្ពុជាបាន។

លោកទេសរដ្ឋមន្ត្រី លី ធុច លើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសប្រារព្ធខួបលើកទី ២២របស់សណ្ឋាគារ Himawari Apartments កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី លី ធុច បានរំពឹងថា កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចាប់ផ្តើមចេញដើរកម្សាន្តនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដោយសារកម្ពុជាគ្រប់គ្រងជំងឺកូវីដបានល្អ បើកចំហសេដ្ឋកិច្ចនិងរក្សាបាននូវសន្តិភាព។

លោកបានបន្តថា «វិស័យទេសចរណ៍ជាវិស័យមួយសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានរៀបចំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមខេត្តនានា ដូចជានៅខេត្តព្រះសីហនុ និងនៅខេត្តសៀមរាប ក៏បានបង្ហាញគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍យ៉ាងច្រើននៅក្នុងប្រទេសនៅពេលខាងមុខ ហើយតំបន់មួយចំនួន ដូចព្រៃភ្នំ សមុទ្រ រដ្ឋាភិបាលបានកែលម្អជាបន្តបន្ទាប់ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវក្នុងស្រុក និងក្រៅស្រុក»

ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី២២របស់សណ្ឋាគារ Himawari Apartments លោក Andrew Tay នាយក សណ្ឋាគារ Himawari បានសាទរចំពោះរដ្ឋាភិបាលកម្ពុជាចំពោះការគ្រប់គ្រងដ៏ល្អរបស់ខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាត ហើយបានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជារស់ឡើងវិញ ហើយសម្រាប់នេះ សណ្ឋាគារ Himawari Apartments បានយកឈ្នះលើបញ្ហាប្រឈមទាំងអស់ក្នុងអំឡុងពេលជំងឺរាតត្បាត។ សណ្ឋាគារ ហ៊ីម៉ាវ៉ារី អាផាតមេន សង្ឃឹមថានឹងផ្សព្វផ្សាយបន្ថែមទៀតអំពីប្រទេសកម្ពុជា។

សណ្ឋាគារ Himawari ចាប់ផ្តើមវិនិយោគនៅកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០១ ដោយបានរក្សានូវកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះរបស់ខ្លួន ហើយក្លាយជាកន្លែងប្រជុំដ៏គួរឱ្យទាក់ទាញសម្រាប់ពាណិជ្ជករទាំងក្នុងស្រុក និងអន្តរជាតិ ឥស្សរជន និងអ្នកទេសចរដូចគ្នា។ ប្រធានបទក្នុងការប្រារព្ធខួបលើកទី ២២ ឆ្នាំនេះគឺ «សិល្បៈ និងវប្បធម៌កម្ពុជា» ដែលជាការ ចូលរួមអបអរសាទរការបើកដំណើរការឡើងវិញនៃប្រទេសកម្ពុជា ដែលប្រទេសនេះបានឆ្លងកាត់ និងតស៊ូជំនះអស់រយៈពេលពីរឆ្នាំកន្លងមក។

ក្នុងពិធីនេះក៏មានការរៀបចំការតាំងពិព័រណ៌សិល្បៈរបស់សិល្បករចំនួន៥នាក់គឺលោក ហ្វូ ឃ្វីហ៊ាង លោក នូ សារី លោក ឈឹម សុធី លោក វ៉ាន់ឌី អ៊ូ និងលោកស្រី គ្រី ស្ទីណា ដែលមានគោលបំណងពង្រីកការរួមចំណែកដល់សហគមន៍ ដោយប្រាក់ចំណូលទាំងនោះ នឹងត្រូវបរិច្ចាគទៅឲ្យអង្គការ St John Phnom Penh គោលបំណងលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕