(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត កម្រិតខ្ពស់មួយ ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានតេជោ សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន RMA នោះ ត្រូវបានដាក់ឱ្យដំណើរការហើយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។

ពិធីធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក Benjamin V. Wohlauer តំណាងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន លោក ងន សាំង ប្រធានក្រុមហ៊ុនក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកនាយកវិទ្យា បានរាយការណ៍ជូនអង្គពិធីអំពីសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាន បន្ទាប់ពីការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាស្ថានកាលពីខែមករា ឆ្នាំ២០២១ ដែលក្នុងនោះរួមមានការចាប់ផ្តើមដំណើរការរៀបចំការប្រឡងជ្រើសរើសទទួលនិស្សិតជំនាន់ ទី១ និងនិស្សិតជំនាន់ទី២ ឱ្យចូលរៀននៅវិទ្យាស្ថាន លើឯកទេសសំណង់សាធារណការ ដែលមាន ជំនាញ សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ និង ជំនាញប្រព័ន្ធចម្រោះទឹក កខ្វក់ ឯកទេសគ្រប់គ្រងការដឹកជញ្ជូន និងភស្ដុភារកម្ម ដែលមានជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូន និងជំនាញភស្ដុភារកម្ម និងឯកទេសនាវាចរណ៍ ដែលមានជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។

ថ្លែងក្នុងមតិសំណេះសំណាលឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនRMA ក៏ដូចជាក្រុមហ៊ុនFord និងមន្ត្រីពាក់ ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការរៀបចំបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI)នេះឡើង។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនFORD និងក្រុមហ៊ុន RMA ដែលបានផ្ដល់អ្នកជំនាញបច្ចេកទេសមកបណ្ដុះបណ្ដាលសិក្ខាកាម និងនិស្សិត ក៏ដូចជាបានផ្ដល់គ្រឿងសម្ភារៈបរិក្ខារ រួមទាំងរថយន្តចំនួន៥គ្រឿង ដើម្បីឱ្យសិស្សអនុវត្ដនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះ បណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់។

លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាម និងនិស្សិតរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាដើម្បីមានចំណេះដឹងអាចជួសជុល រថយន្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងបានធ្វើការកត់សម្គាល់ថា៖ យានយន្តក៏ជាកត្តាមួយបង្កឱ្យមានគ្រោះថ្នាក់នៅកម្ពុជាផងដែរ ដោយសារការជួសជុល និងកែច្នៃយានយន្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍នៅតាមដងផ្លូវរបស់យើង។

លោក ងន សាំង ប្រធានក្រុមហ៊ុនអ អិម អេ ខេមបូឌា ភីអិលស៊ី បានលើកឡើងអំពីប្រវត្តិសង្ខេបខ្លះៗរបស់ក្រុមហ៊ុន អ អិម អេ និងបានសំដែងជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុនអ អិម អេ ខេមបូឌា និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងផ្តល់ជាប្រយោជន៍ដល់សិស្សនិស្សិត ក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេស ហើយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ ហ្វដ-ធី អេស អាយ ដែលបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ នឹងក្លាយជាទីតាំងមួយសម្រាប់ឱ្យសិស្សានុសិស្ស សិក្ខាកាមនានាមកទទួលយកការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែងផ្ទាល់។

លោក Benjamin V. Wohlauer បានសំដែងនូវការអបអរសាទរចំពោះកម្មវិធីសម្ពោធមជ្ឈ មណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានបញ្ជាក់បន្ថែមថា៖ នេះជាសមិទ្ធ ផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធិផល ដែលកើតចេញពីកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។

សូមជម្រាបថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា)កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លើក្របខណ្ឌ កិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល៥ឆ្នាំ។ ជាលទ្ធផលនៃការចុះអនុស្សារណៈ យោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសមកដល់វិទ្យាស្ថាន ក្នុងការរៀបចំ និងធ្វើនវានុវត្ដអគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនឹងត្រូវរៀបចំជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ក្រុមហ៊ុនបាន រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ និងបានផ្ដល់រថយន្ដចំនួន ៥គ្រឿងដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេស យានយន្ដនៅក្នុងមជ្ឈមណ្ឌលនៅក្នុងដំណាក់កាលបន្ដបន្ទាប់ ដែលគិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារ អាមេរិក៕