(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជារដ្ឋមន្ត្រី ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជាក្នុងអាស៊ាន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ ចូលរួម «កិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» តាមប្រព័ន្ធអនឡាញ ពីទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត Huynh Thanh Dat រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលជាប្រធានប្តូវេននៃកិច្ចប្រជុំ។

បន្ទាប់ពីកិច្ចប្រជុំលើកទី១៩ខាងលើ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីថ្លែងការណ៍រួម ចំនួន ១៣ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម៖

១. កិច្ចប្រជុំលើកទី១៩ រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (AMMSTI-19) បានប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យរងបណ្ឌិត ហ៊ុញ ថាញ់ ដាត (H.E. Assoc. Prof. Huynh Thanh Dat) រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃប្រទេសវៀតណាម។

២. កិច្ចប្រជុំបានសាទរដល់ប្រទេសវៀតណាម ចំពោះការរៀបចំកិច្ចប្រជុំលើកទី៨១ គណកម្មការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (Committee on Science, Technology and Innovation, COSTI) និងកិច្ចប្រជុំពាក់ព័ន្ធដែលបានរៀបចំឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ (Zoom) រួមជាមួយគ្នានឹងកិច្ចប្រជុំលើកទី១៩ រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (AMMSTI-19)។

៣. កិច្ចប្រជុំបានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីមានការបើកឡើងវិញ នូវច្រកព្រំដែននៃរដ្ឋជាសមាជិកអាស៊ាន។ ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ បានយ៉ាងច្រើនក្នុងរដ្ឋសមាជិកនីមួយៗ ដែលជំរុញឲ្យមានការបើកច្រកព្រំដែនឡើងវិញ ប្រកបដោយសុវត្ថិភាព។ កិច្ចសហប្រតិបត្តិការខ្លាំង ក្នុងចំណោមរដ្ឋជាសមាជិកក្នុងការខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាការបង្ហាញឲ្យឃើញនូវការត្រៀមខ្លួនរួចរាល់ សម្រាប់ឆ្លើយតបការរីករាលដាលនៃជំងឺរាតត្បាតផ្សេងៗ នាពេលអនាគត។

៤. កិច្ចប្រជុំបានកំណត់នូវការអនុវត្តជាអាទិភាព ប្រចាំឆ្នាំ២០២២ សម្រាប់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចតទៅ៖
− ការអនុវត្តគម្រោងកូវីដ-១៩ របស់អាស៊ានចំនួនពីរ រួមមាន៖ (១) ASEAN COVID-19 Genomics Project និង (២) ASEAN-Wide Anti COVID-19 Sero-Surveillance Study
− ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា (ដំណាក់កាលទី១)
− ការបង្កើនការប្រើប្រាស់ការគណនា ដែលមានសមត្ថភាពខ្ពស់ (High Performance Computing, HPC)
− ការអនុវត្តការសិក្សាសមិទ្ធលទ្ធភាពលើគំរូផ្ទេរបច្ចេកវិទ្យា សម្រាប់គម្រោងពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
− ការរៀបចំសិក្ខាសាលាស្ដីពីការអនុវត្ត លើបញ្ញាសិប្បនិម្មិតសម្រាប់សន្តិសុខថាមពល កសិកម្ម សន្តិសុខសាយប័រ និងឧស្សាហកម្មច្នៃប្រឌិតឆ្នាំ២០២២ និង
− ការបង្កើតបណ្តាញអាស៊ាន ស្តីពីសេដ្ឋកិច្ចជីវសាស្ត្រ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។

៥. កិច្ចប្រជុំបានកោតសរសើរលទ្ធផល ដែលសម្រេចបានក្នុងគម្រោង «ASEAN COVID-19 Genomics Project» និងគម្រោងសិក្សាស្រាវជ្រាវលើ «ASEAN-Wide Anti COVID-19 Sero-Surveillance Study (ASSeSS)»។ ASSeSS គឺជាផ្នែកមួយនៃវត្ថុបំណងកសាងសមត្ថភាព ក្រោមការផ្ដួចផ្ដើមរបស់អាស៊ាន ដេអ៊ិច (ASEAN Dx) ដែលគ្របដណ្ដប់លើគំនិតផ្ដួចផ្ដើមផ្សេងៗទៀតដូចជា បណ្ដុំសិក្ខាសាលាស្ដីពីការត្រៀមខ្លួន សម្រាប់ការរីករាលដាលនៃជំងឺរាតត្បាត និងការពិគ្រោះយោបល់តំបន់ស្ដីពីការពន្លឿនការសិក្សាវិភាគ (Accelerating Diagnosis Access) ក្នុងតំបន់អាស៊ាន។

៦. កិច្ចប្រជុំបានទទួលស្វាគមន៍វគ្គថ្មីមួយទៀត នៃការសិក្សា HPC នៅខែធ្នូ ឆ្នាំ២០២២ នៅប្រទេសថៃ ដើម្បីលើកកម្ពស់ជំនាញ HPC នៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំបានផ្តល់សិទ្ធិដល់រដ្ឋសមាជិកអាស៊ាន ចំនួនបួនបន្ថែមទៀត ក្នុងការប្រើប្រាស់ Japan’s Fugaku Supercomputer តាមរយៈការអំពាវនាវប្រចាំឆ្នាំ ដែលហៅថាការសាកល្បង Fugaku (Fugaku Trial)។ កិច្ចប្រជុំក៏បានបង្ហាញពីតម្រូវការក្នុងការស្វែងរកការ រួមបញ្ចូលគ្នារវាង HPC និង Quantum Computing ក្នុងការគាំទ្របរិវត្តិកម្មឌីជីថលក្នុងតំបន់អាស៊ាន។

៧. អង្គប្រជុំបានអនុម័តលើអាទិភាពចំនួនប្រាំមួយ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖
− ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ដំណាក់កាលទី២)
− ការរៀបចំសិក្ខាសាលា និងអំពាវនាវឲ្យមានឯកសារស្តីពីបញ្ញាសិប្បនិម្មិត ទៅលើសន្តិសុខថាមពល កសិកម្ម សន្តិសុខសាយប័រ និងបញ្ហាដែលកំពុងកើតមានលើសុខភាព ឆ្នាំ២០២៣
− ការបង្កើតបណ្តាញអាស៊ានស្តីពីសេដ្ឋកិច្ចជីវសាស្ត្រ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង (ដំណាក់កាលទី២)
− ការបង្កើតយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវក្នុងតំបន់អាស៊ាន
− ការបង្កើតថ្នាលសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
− ការបង្កើតផែនទីបង្ហាញផ្លូវអាស៊ានសម្រាប់សេដ្ឋកិច្ចពណ៌ខៀវ។

៨. អង្គប្រជុំបានកោតសរសើរ ចំពោះផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០១៦-២០២៥ ស្របទៅនឹងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Blueprint) ឆ្នាំ២០២៥ និងបានគាំទ្រដល់ការអភិវឌ្ឍផែនការ សកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥។

៩. អង្គប្រជុំបានផ្លាស់ប្តូរទស្សនស្តីពី «ការពង្រឹងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «ការពន្លឿនសម្ទុះសេដ្ឋកិច្ច ដោយបំភាយកាបូនទាបតាមរយៈបដិវត្តន៍ឧស្សាហកម្ម ៤.០» ដូចខាងក្រោម៖
− អង្គប្រជុំបានគូសបញ្ជាក់ ពីតួនាទីរបស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជារួមនូវបញ្ហាបរិស្ថាន បញ្ហាប្រឈមក្នុងសង្គម និងការបង្កើតឱកាសសេដ្ឋកិច្ច។ អង្គប្រជុំក៏បានគូសបញ្ជាក់ថា បណ្តាប្រទេសដែលជាសមាជិកអាស៊ានត្រូវចាប់យកវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ថែមទៀតដោយកាត់បន្ថយគម្លាតនៃវិស័យនេះ បង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព បង្កើនមាត្រដ្ឋាននវានុវត្តន៍របស់សហគ្រិន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឲ្យកាន់តែរឹងមាំ និងសម្របគោលនយោបាយអាស៊ាន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ
− អង្គប្រជុំបានឯកភាពថា ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចគ្មានកាបូន បច្ចេកវិទ្យាឈានមុខទាំងឡាយដើរតួនាទីមិនអាចខ្វះបានក្នុងការកាត់បន្ថយការបំភាយកាបូន ដែលអាចឲ្យអាស៊ានសម្រេចបាននូវការអភិវឌ្ឍឧស្សាហកម្មដ៏រឹងមាំ ខណៈដែលនៅតែការពារបរិស្ថាន។ បច្ចេកវិទ្យា ៤.០ គួរតែជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម។ ក្នុងន័យនេះ វិស័យសាធារណៈនឹងមានភាពប្រសើរឡើង ក្នុងការផ្តល់សេវា ខណៈដែលវិស័យឯកជននឹងអាចបង្កើនផលិតភាព។ ដល់ទីបញ្ចប់នេះ អាស៊ានចាំបាច់ត្រូវពង្រឹងសមត្ថភាព ដើម្បីរៀបចំកម្លាំងពលកម្មអាស៊ានក្នុងការក្រសោបយក បដិវត្តន៍ឧស្សាហកម្ម ៤.០។
− អង្គប្រជុំបានគាំទ្រគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយបណ្តាប្រទេសដែលជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំ COSTI-81 និងបានស្វាគមន៍ចំពោះសំណើឆ្ពោះទៅរក «ការចាប់យកវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «ការពន្លឿនសម្ទុះសេដ្ឋកិច្ចដែលបញ្ចេញកាបូនទាប តាមរយៈបដិវត្តន៍ឧស្សាហកម្ម ៤.០» ដើម្បីដាក់បញ្ចូលក្នុងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាផ្នែកសក្តានុពលផ្សេងៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា។

១០. អង្គប្រជុំបានកត់សម្គាល់ពីតម្រូវការក្នុងការពង្រឹងអាណត្តិកម្មរបស់ COSTI ដោយជំរុញឲ្យមានភាពជាដៃគូឯកជន-សាធារណៈកាន់តែរឹងមាំ និងលើកកម្ពស់តួនាទីដ៏សំខាន់ របស់គណៈប្រឹក្សាយោបល់របស់ COSTI ជាស្ថាប័នប្រឹក្សាដែលជួយ COSTI ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

១១. អង្គប្រជុំបានយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេលវែង រវាងអាស៊ាន ដៃគូសន្ទនា ក៏ដូចជាអង្គការអន្តរជាតិ/តំបន់ ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គប្រជុំបានសង្កត់ធ្ងន់ពីសារៈប្រយោជន៍ សម្រាប់បណ្តាប្រទេសដែលជាសមាជិកអាស៊ានក្នុងការបន្តសហការ និងប្រើប្រាស់មូលនិធិរបស់ដៃគូសន្ទនាអាស៊ាន ក្នុងដំណើរការអនុវត្តគម្រោងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងផ្នែកដែលពាក់ព័ន្ធទៅនឹងអាទិភាពប្រចាំឆ្នាំ។ អង្គប្រជុំបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន និងស្ត្រីក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ស្ទែម ការពង្រឹង កិច្ចសហប្រតិបត្តិការរវាងសាធារណៈនិងឯកជន ការដោះស្រាយបញ្ហាសាកល និងការជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ កិច្ចប្រជុំ បានឲ្យតម្លៃដល់សមធម៌ ក្នុងការទទួលបាននូវការគាំទ្រពីដៃគូសន្ទនា និងមានទស្សនថា គម្រោងក្រោមកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអនុវត្តតាមរយៈការគាំទ្រនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់អាស៊ាន។

១២. អង្គប្រជុំបានកត់សម្គាល់ថា ប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រៅផ្លូវការលើកទី១២ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (IAMMSTI-12) នៅឆ្នាំ២០២៣។

១៣. អង្គប្រជុំបានសម្តែងនូវការកោតសរសើរ ចំពោះប្រទេសវៀតណាម សម្រាប់ការសម្របសម្រួលប្រកប ដោយប្រសិទ្ធភាពដែលធានាបាននូវភាពជោគជ័យ នៃកិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕