(ស្វាយរៀង)៖ លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទិសដៅបន្តសកម្មភាពការងារ៨ចំណុចសម្រាប់ឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក៏ដូចជាសាលានៅទូទាំងខេត្តនេះបន្តអនុវត្តឱ្យមានប្រសិទ្ធភាព។

ផែនការសកម្មភាពនេះត្រូវបានដាក់ចេញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០២០-២០២១ និងលើកទិសដៅសកម្មភាពការងារបន្តរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

សន្និបាតបូកសរុបលទ្ធផលការងារនៃមន្ទីរអប់រំយុវជនកីឡាខេត្តស្វាយរៀងនេះ ក៏មាននៅចំណុចប្រឈមមួយចំនួនដូចជា៖

* សាលារៀនមួយចំនួនមិនទាន់ក្លាយជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍនៅឡើយ គ្រូបង្រៀនមួយចំនួននៅតែមិនទាន់ប្រើប្រាស់កិច្ចតែងការបង្រៀន និងកែច្នៃប្រើប្រាស់សម្ភារឧបទ្ទេសសម្រាប់ការបង្រៀននៅឡើយ។

* គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនមួយចំនួនតូចនៅមិនទាន់ចូលរួមព្រមៗគ្នាក្នុងការអភិវឌ្ឍវិជ្ជាជីវៈជាគ្រូបង្រៀននៅឡើយ។

* អត្រាបោះបង់ការសិក្សានៅអនុវិទ្យាល័យ និងវិទ្យាល័យនៅមានកម្រិតខ្ពស់នៅឡើយ។

* សាលារៀនមួយចំនួននៅតែខ្វះខាតអគារសិក្សា និងអគារសិក្សាមួយចំនួនមានភាពទ្រុឌទ្រោមមិនអាចឱ្យសិស្សចូលរៀនបា

ដើម្បីរួមចំណែកការអភិវឌ្ឍរបស់ការងារអប់រំ យុវជន និងកីឡា លោក ជា ជាតិ ផ្តាំផ្ញើរដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តការងារសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំសិក្សាថ្មីដូចខាងក្រោម៖

១៖ បន្តពង្រឹងសេវាអប់រំឱ្យមានគុណភាព សមធម៌ និងបរិយាប័ន្នព្រមទាំងលើកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ ទាំងអស់គ្នា និងដោះស្រាយការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជនដែលជួបការលំបាកនានា។

២៖ បន្តលើកកម្ពស់ «បរិស្ថានស្អាត សេវាល្អ» «គ្រប់គ្រងល្អ បង្រៀនល្អ រៀនល្អ» ដោយបន្តថែទាំកែលម្អ ជួសជុលកសាងអគារសិក្សា និងបំពាក់គ្រឿងសង្ហារឹមឱ្យបានគ្រប់គ្រាន់ យកចិត្តទុកដាក់កសាងបណ្ណាល័យ បន្ទប់ពិសោធន៍ រោងជាង បន្ទប់គេហវិជ្ជា សួនច្បារ សួនបន្លែ សួនជីវចម្រុះ ទីលានកីឡា។

៣៖ បន្តលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីជួយតាមដានការសិក្សារប់សកូននិងជួយអភិវឌ្ឍន៍សាលារៀន។

៤៖ បន្តអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ការកែទម្រង់ការបណ្តុះបណ្តាលគ្រូ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀន។

៥៖ បន្តអភិវឌ្ឍន៍ការអប់រំឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ព្រមទាំងផ្សព្វផ្សាយការងារនេះឱ្យបានទូលំទូលាយ។

៦៖ បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយឫទ្ធ និងយុវជនដោយប្រកាន់ខ្ជាប់អំពើល្អក្នុងសង្គម តាមរយៈការបំផុសចលនាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ កម្មវិធីយុវជនស្ម័គ្រចិត្តនៅតាមសហគមន៍ជាមួយនឹងការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារក្នុងសង្គម។

៧៖ បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយយកចិត្តទុកដាក់ការលក់ដូរក្នុងសាលា។

៨៖ បន្តលើកកម្ពស់ការអប់រំបរិស្ថាន ការដាំដើមឈើក្នុងទីធ្លាសាលា ក្នុងថ្នាក់និងការគ្រប់គ្រងសំរាម ហាត់ប្រាណ គាំទ្រសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់សិស្ស។

ក្នុងឱកាសនោះ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើរដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវពង្រឹងតួនាទីភារកិច្ចរបស់គ្រូបង្រៀនឱ្យបានច្បាស់លាស់ត្រឹមត្រូវ កុំឲ្យលោកគ្រូអ្នកគ្រូខ្លះយកម៉ោងបង្រៀនទៅធ្វើការក្រៅម៉ោងដែលនាំឲ្យប៉ះពាល់ដល់ការបង្រៀនសិស្ស ក៏ដូចជាធ្វើឱ្យការបង្រៀនគ្មានគុណភាព ព្រោះរយៈពេលកន្លងមកនេះមានលោកគ្រូអ្នកគ្រូខ្លះបានទៅធ្វើការងារអង្គភាពផ្សេង ហើយក៏នៅតែបើកប្រាក់ខែរដ្ឋ ជាធម្មតាដូច្នេះចាប់ពីពេលនេះទៅសូមកុំឱ្យមានបញ្ហានេះកើតឡើងបន្តទៀត។

លោកក៏បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរ ទាំងលោកគ្រូ អ្នកគ្រូ ត្រូវពង្រឹងបន្ថែមលើការអភិវឌ្ឍ វិស័យអប់រំ សូមឱ្យសាលារៀនរបស់យើង សាលាដែលមានការពេញចិត្តពីសិស្សានុសិស្ស និងមានការចូលរួមឧបត្ថម្ភពីសហគមន៍ និងគ្រួសារសិស្សជាបន្តទៅទៀត ដើម្បីកសាងសាលារៀនល្អសម្រាប់កូនចៅជំនាន់ក្រោយ សូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ពង្រឹងគុណភាពអប់រំបន្ថែមទៀតពិសេសផ្នែកភាសាបរទេស និងព័ត៌មានវិទ្យា ធ្វើយ៉ាងណាឲ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់អាចប្រឡងបានទទួលលទ្ធផលល្អបន្ថែមទទៀត៕