(ភ្នំពេញ)៖ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា តាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ច ចាប់ពីថ្ងៃទី២០-២៥ ខែមិថុនា ឆ្នាំ២០២២។

ការអញ្ជើញមកដល់នេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា RABITA, លោក សាអូដ អាល់ ស៊ូវេលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់ RABITA នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងរយៈពេល៧ថ្ងៃ នៃដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា អគ្គលេខាធិការអង្គការ RABITA និងជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នជាទីប្រឹក្សាព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត មានឋានៈស្មើរដ្ឋមន្រ្តី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គលេខាធិការ នឹងចូលជួបសម្តែងការគួរសមចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានោះ លោកអគ្គលេខាធិការ នឹងចូលជួបសម្តែងការគួរសមចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ, សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។

លោកក៏នឹងមានជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា ផងដែរ។ ក្រៅពីនេះ លោកអគ្គលេខាធិការ និងគណៈប្រតិភូ នឹងអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ សារមន្ទីរជាតិ តំបន់សហគមន៍ខ្មែរឥស្លាម ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើន។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕