(សៀមរាប)៖ ត្រឹមរយៈពេលពីរថ្ងៃនៃការបើកដំណើរការដំបូង សួនបៃតងអង្គរ ដែលអតីតជាភូមិវប្បធម៍កម្ពុជា មានភ្ញៀវទេសចរចូលទស្សនាជាង២ម៉ឺននាក់ ក្រោយខកខានបើកដំណើរការអស់២ឆ្នាំដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

លោក ហង្ស វណ្ណៈ អ្នកគ្រប់គ្រង់នៅសួនបៃតងអង្គរ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមិថុនានេះថា ត្រឹមរយៈពេល២ថ្ងៃនៃការបើកដំណើរការដំបូង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាជាង២ម៉ឺននាក់។ ដោយកាលពីថ្ងៃសៅរ៍ មានភ្ញៀវទេសចរចូលទស្សនា ជិត៨ពាន់នាក់ និងថ្ងៃអាទិត្យភ្ញៀវទេសចរចូលទស្សនា១ម៉ឺន ៣ពាន់នាក់។ បន្ទាប់ពីបើកដំណើរការបានរយៈពេល២ថ្ងៃកន្លងមកនេះ លោក ហង្ស វណ្ណៈ សង្ឃឹមថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាច្រើននាពេលបើកជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ។

លោកបន្តថា ខេត្តសៀមរាបជាខេត្តមួយដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ដ៏សំខាន់ ព្រោះតែជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តនេះ ស្ទើរតែទាំងស្រុងត្រូវបិទទ្វារ។ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយបន្តិច លោកក៏រំពឹងថា វិស័យទេសចរណ៍ក្នុងខេត្តនេះ អាចនឹងមានភ្ញៀវទេសចរ មកទស្សនាច្រើនជាងពីមុន ដោយសារតែរាជរដ្ឋាភិបាលបានស្ថាបនាផ្លូវ៣៨ខ្សែ រៀបចំសួនតាមដងស្ទឹង ប្រព័ន្ធលូ និងចំណតរថយន្តចតតាមដងផ្លូវក្នុងក្រុងសៀមរាប ឱ្យមានរបៀបរៀបរយផងដែរ។

កញ្ញា សម្ផស្ស បានលើកឡើងថា កញ្ញាមានការសប្បាយរីករាយជាខ្លាំង នៅពេលសួនបៃតងអង្គរ អតីតភូមិវប្បធម៍កម្ពុជា បើកដំណើរជាធម្មតាឡើងវិញ ព្រោះខានទស្សនា២ឆ្នាំមកហើយ ដោយជំងឺកូវីដ-១៩។ ចំពោះថ្ងៃបើកដំណើរដំបូង គឺមានភ្ញៀវទេសចរមកកម្សាន្តជាច្រើន និងមានទឹកមុខសប្បាយនៅពេលឃើញបើកដំណើរការនាពេលនេះ។

ចំណែកលោកយាយ ទូច មាក និងលោកតា ប៉ក់ ពលរដ្ឋនៅភូមិគោកដូង សង្កាត់គោកចក លើកឡើងប្រហាក់ប្រហែលនឹងកញ្ញា សម្ផស្ស បានរៀបរាប់ថា គឺសប្បាយជាខ្លាំងនៅពេលសួនបៃតងអង្គរ បើកដំណើរការឡើងវិញ ថែមទាំងមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ផងដែរ សួនបៃតងអង្គរ បើកដំណើរការឱ្យភ្ញៀវទេសចរទស្សនាដោយឥតគិតថ្ងៃ ចាប់ព៎ថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនតារាអង្គរ ដែលវិនិយោគលើវិស័យសណ្ឋាគារថ្មីៗនៅកម្ពុជា គឺជាម្ចាស់ថ្មីនៃសួនបៃតងអង្គរ ដែលជាអតីតភូមិវប្បធម៌កម្ពុជា៕