(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនពីររកស៊ីលើការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្តល់សេវាទេសចរណ៍ បានចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសទាក់ទាញអ្នកទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ក្រោយកម្ពុជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានជោគជ័យ។

ពិធីចុះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទេសចរណ៍ Sweet&Smile និងក្រុមហ៊ុន JFT jet បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីចុះអនុស្សារណៈនោះ លោក ស៊ិន សត្ថា អគ្គនាយករបស់ក្រុមហ៊ុន Smile&Sweet បានឲ្យដឹងថា ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល លោកបានចាប់ដៃគូរជាមួយដៃគូរនៅខាងក្រៅប្រទេស បង្កើតក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។

លោក ស៉ិន សត្ថា បញ្ជាក់ថា «ជាគោលបំណង ដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាប់គាំជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍ Sweet&Smile ក៏បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ក្រោយប្រទេសបេីកដំណេីរការឡេីងវិញ»។

លោក ស៉ិន សត្ថា លេីកឡេីងទៀតថា ការដាក់ចេញគោលនោបាយអនុវត្តទេសចរណ៍វ៉ាក់សាំង តាំងពីដំណាច់ឆ្នាំ២០២១មក គឺជាឱកាសដ៏សំខាន់សម្រាប់ការវិនិយោគទៅលេីវិស័យទេសចរណ៍។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅចំនួន ៣ដំបូងគេ បើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយនោះ ក្នុងនោះរួមមានក្រុងព្រះសីហនុ នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

លោក បន្តថា «ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទេីបធ្វេីឱ្យកំណើនទេសចរណ៍កេីនឡេីងគួរឱ្យកត់សម្គាល់ ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ»

លោក ស៉ិន សត្ថា បានអះអាងថា រាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាកលចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។

លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការក្រុមហ៊ុន JFT jet បានលើកឡើងថា ក្នុងពេលកម្ពុជា ងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានោះ កិច្ចសហការរវាងក្រុមហ៊ុន JFT និង ក្រុមហ៊ុនទេសចរណ៍ Sweet&Smile គឺជាការបើកឱកាសឱ្យក្រុមហ៊ុនទាំងពីរ ក៏ដូចជាវិស័យទេសចរណ៍ និងអាកាសចរណ៍ បានបើកដំណើរការប្រក្រតីភាពឡើងវិញ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ៕