(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានណែនាំដល់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យធ្វើអនាម័យ បោសសំអាត និងរក្សាទុកសំបកកង់ឡាន ម៉ូតូ ចាស់ៗ ឱ្យបានត្រឹមត្រូវ នៅតាមអាជីវកម្មលក់សំបកកង់រថយន្ត នៅយានដ្ឋានជួសជុលរថយន្ត ដើម្បីលុបបំបាត់ជម្រកមូសខ្លា ក្រោយក្រសួងសុខាភិបាលជូនដំណឹងពីការកើនឡើងជាង១០០%នៃជំងឺគ្រុនឈាម។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ជំងឺគ្រុនឈាមក្នុងកំឡុង២២សប្តាហ៍នាដើម ឆ្នាំ២០២២នេះ កើតឡើងចំនួន ១៣៤៤ករណី ក្នុងនោះស្លាប់ចំនួន៣ករណី។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមបានកើនឡើងជាង១០០%បើធៀបនិងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា។

បើតាមរដ្ឋបាលខេត្ត លទ្ធផលការអង្កេតបាណកសាស្ត្ររួមផ្សំកត្តាអាកាសធាតុដែលកំណើនទឹកភ្លៀងក្នុងកំឡុងពេលដើមឆ្នាំនេះ ករណីជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងខ្លាំងក្នុងរដូវវស្សានេះនៅតាមភូមិឃុំសង្កាត់ និងទីប្រជុំជន នៃបណ្តាខេត្តមួយចំនួន ជាពិសេសដែលមានការកសាងអគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ។

សត្វមូសខ្លាចូលចិត្តពងបង្កបង្កើតកូនចៅនៅក្នុងសំបកកង់ឡាន-ម៉ូតូចាស់ៗ១១ដងច្រើនជាវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ ដែលប្រកបរបរពាក់ព័ន្ធនិងសំបកកង់ឡាន-ម៉ូតូគ្រប់ប្រភេទ ឱ្យធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះ មានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាស់វាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផល ដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ទន្ទឹមនិងការណែនាំនេះ រដ្ឋបាលខេត្ត ក៏បានបង្ហាញពីការទុកដាក់កង់ឡានម៉ូតូ ឱ្យមានសុវត្ថិភាពផងដែរដោយដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តាជិត ឬស្បៃមុងឬចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូលដើម្បីកុំឱ្យដក់ទឹក ដែលបង្កជាប្រភពកើតនិងជម្រកមូសខ្លា។

ក្រោយមានការណែនាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករម្ចាស់អាជីវកម្មនិងចូលរួមអនុវត្តដើម្បីខេត្តកំពង់ស្ពឺគ្មានជំងឺគ្រុនឈាម៕