(កំពង់ធំ)៖ ដោយអនុវត្តតាមការណែនាំរបស់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោម អធិបតីភាព លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានប្រារឰឡើង នៅលើភូមិឋានរបស់អតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានបងប្អូនអតីតយុទ្ធជនចំនួន១៥០គ្រួសារ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ឆ្នាំ ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន។

នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលបានផ្តល់ដីសម្បទទាន សង្គមកិច្ចក្នុងមួយគ្រួសារ មួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នង ជូនដល់បងប្អូនអតីតយុទ្ធជន ចំនួន១៤១គ្រួសារ ដែលគ្មានដីគ្មានផ្ទះរស់នៅសមរម្យ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ បានមករស់នៅទីនេះ។

លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជារួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ សូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងមាន អាយុយឺនយូរ និងបានផ្តាំផ្ញើដល់បងប្អូនបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផលដាំបន្លែបង្ការ និងចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពរស់នៅ របស់ក្រុមគ្រួសារនីមួយ ឲ្យកាន់តែប្រសើរឡើង។

បន្ទាប់មកប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងអាជីវករផ្សារក្រុងស្ទឹងសែន បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន១៥០គ្រួសារ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ៕