(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានលើកឡើងថា ផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវការទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ នឹងធ្វើឲ្យវិស័យដឹកជញ្ជូនកាន់តែមានភាពល្អប្រសើរ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Massahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីសប្តាហ៍មុនបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ការរៀបចំផែនការមេភស្តុភារកម្មដែលរួមមានគម្រោងប្រមាណ ៣៣០គម្រោង ត្រូវការទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងសំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ផែនការមេដ៏ធំមួយនេះ មានគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសកាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ថា ក្នុងវិស័យដឹកជញ្ជូននេះ ប្រទេសណាក៏ចង់បានផ្លូវល្អ និងផ្លូវកាត់ច្រើនដែរ ដើម្បីឲ្យការដឹកជញ្ជូនទំនិញឆាប់បានដល់គោលដៅ។ ចំពោះផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា តម្លៃ ៥០ពាន់លានដុល្លារនោះ នឹងធ្វើឲ្យមានផ្លូវកាន់តែល្អ ហើយការលើកដាក់ទំនិញកាន់តែទំនើប ដែលធ្វើឲ្យទាក់ទាញអ្នកវិនិយោគ ព្រោះពួកគេដឹងថា ការណ៍នេះនឹងធ្វើឲ្យទទួលបានផលចំណេញច្រើន នៅពេលវិនិយោគ។

«ខ្ញុំយល់ឃើញថាជារឿងល្អប្រសើរ ដោយសារវិស័យដឹកជញ្ជូនប្រទេសនីមួយៗ គឺចង់បានផ្លូវល្អ ផ្លូវកាត់ច្រើន ដើម្បីឆាប់បានទៅដល់គោលដៅ ជាពិសេសផ្លូវធំទូលាយ។ ប្រព័ន្ធនៃការដឹកជញ្ជូន បើសិនជារាជរដ្ឋាភិបាលរៀបចំផែនការនេះ គួបផ្សំនឹងអ្នកវិនិយោគបានវិនិយោគសម្រាប់ទឹកប្រាក់ ៥០ពាន់លាននេះ ធ្វើឲ្យវិស័យដឹកជញ្ជូនមានភាពល្អប្រសើរ។ យើងអាចនិយាយបានថា ចម្ងាយផ្លូវក៏លឿនជាងមុន ហើយស្វ័យប្រវត្តិកម្មដូចជា ការលើកដាក់ទំនិញក៏ទំនើបទៀត គួបផ្សំនឹងការដឹកជញ្ជូនមានភាពងាយស្រួល អញ្ចឹងការទាក់ទាញអ្នកវិនិយោគ ដែលចង់មករកទទួលទាននៅកម្ពុជាយើង (ដោយគេ) គិតថានឹងទទួលបានផលចំណេញល្អ»។ នេះបើតាមលោក ជា ចាន់ដារ៉ា។

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា នៅកម្ពុជាយើងសព្វថ្ងៃនេះ វិស័យដឹកជញ្ជូនរបស់យើង គឺយើងមានផ្លូវច្រើនហើយ ប៉ុន្តែយើងត្រូវការអភិវឌ្ឍបន្ថែមទៀត ដូចជាផ្លូវរបៀង និងផ្លូវកាត់ ដើម្បីឲ្យឆាប់ដល់គោលដៅ ជាពិសេសកំពង់ផែ និងផ្លូវទឹកជាដើម។ លោកបន្តថា ពាក់ព័ន្ធនឹងព្រំដែន ក៏ដូចគ្នាដែរ យើងត្រូវការបង្កើតព្រំដែនអន្តរជាតិ និងមាត់ច្រកអន្តរជាតិបន្ថែមទៀត ទើបរឹតតែប្រសើរ ដោយវានឹងធ្វើឲ្យការដឹកជញ្ជូន មានភាពរហ័សជាមួយនឹងប្រទេសជិតខាង ពោលគឺយើងត្រូវការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធបន្ថែម។

លោកបន្តថា នៅពេលដែលយើងមានវិស័យដឹកជញ្ជូនល្អ យើងនឹងទទួលបានគម្រោងវិនិយោគផ្សេងៗពីប្រទេសដទៃ ដែលធ្វើឲ្យសេដ្ឋកិច្ចយើងក៏រីកចម្រើនតាមនោះដែរ។

សូមជម្រាបថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញ កង្វល់ទាក់ទងនឹងបញ្ហា ចំណាយភស្តុភារកម្ម និងការដឹកជញ្ជូន និងថ្លៃអគ្គិសនីខ្ពស់នៅកម្ពុជា៕