(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ។
មន្រ្តីជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភ។
ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី ហើយជាមួយគ្នានេះឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette មានលក្ខណៈងាយស្រួល និងមានលទ្ធភាពងាយជម្រុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ផ្សេងៗទៀតដោយលាយជាមួយនឹងផលិតផលខាងលើ ហើយដែលអាចនឹងបង្កឱ្យសមត្ថកិច្ច មានការពិបាកក្នុងការ ចាត់វិធានការ ប្រសិនបើគេធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាមួយនឹងការធ្វើអាជីវកម្មផលិតផលនេះ។
ជាមួយនឹងបទបញ្ជាថ្មីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយសារមួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងដូច្នេះថា៖
ទី១៖ ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល SISHA និង I-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។
ទី២៖ ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល SISHA និង I-Cigarette តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ ប្រើប្រាស់ផលិតផលនេះដល់យុវជន និងការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។
ទី៣៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និងតាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និងឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាធរមាន។
បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ការងារនេះមិនមែនតែជាការទទួលខុសត្រូវរបស់មន្ទីរប្រឆាំងគ្រឿងញៀនតែម្នាក់ឯងនោះទេ គឺជាការងាររួមរបស់សមត្ថកិច្ច និងអាជ្ញាធរតាមក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធរដែនដី នៅតាមមូលដ្ឋានផងដែរ។
តាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ការប្រើប្រាស់ (ជក់) ផលិតផល SISHA និង E-Cigarette ជាពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន កំពុងធ្វើឱ្យមានការរំជើបរំជួលចង់សាកល្បង និងប្រើប្រាស់ពីសំណាក់យុវវ័យមួយចំនួនផងដែរ ដែលបញ្ហានេះបានបង្កឱ្យមានប្រតិកម្ម និងការសំដែងនូវមតិមិនសប្បាយចិត្តជាច្រើនពីប្រជាជនទូទៅ ពិសេសអាណាព្យាបាលយុវជនទាំងនោះ ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងរួមគ្នាបង្ក្រាបបទល្មើសមួយនេះ ដូចអ្វីដែលបានធ្វើកាលពីប៉ុន្មានឆ្នាំមុននោះ។
ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) ផងដែរ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក(E-Cigarette) នៅក្នុងរាជធានីភ្នំពេញ។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមអរគុណដល់បណ្តាញសង្គមមួយចំនួន ដែលបានជួយផ្សព្វផ្សាយ ព័ត៌មានជូនដល់សារណជនបានជ្រាប ជាពិសេសជូនមកអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទៀតផង។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញចុះ ទៅជ្រាវស្រាវដល់ទីតាំងដែលមានការលក់ដូរ និងអ្នកទិញប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) នៅពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវតាមជំនាញ គឺមិនឃើញមានធ្វើសកម្មនោះទេ ដោយសារមុខសញ្ញា បានឃើញមានផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមអរគុណហើយបានផ្សព្វផ្សាយជូនជ្រាប។ តែប្រសិនបើ មានឆន្ទៈចូលរួមបង្ការទប់ស្កាត់បទល្មើសនៅក្នុងសង្គម ជាពិសេសបទល្មើសគ្រឿងញៀន ពិតប្រាកដនោះ សូមមេត្តាសហការផ្តល់ព័ត៌មាន ជាសម្ងាត់សិន ដើម្បីយើងខ្ញុំមានភាពងាយស្រួល ប្រើប្រាស់វិធាការជំនាញ ដោយចុះស៊ើបជាសម្ងាត់ កុំទាន់ប្រញាប់ផ្សព្វផ្សាយជាសាធារណៈ។ ដូចពាក្យស្លោករបស់សម្តេចក្រឡាហោ ស ខេង «បីកុំ មួយរាយការណ៍»។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមជម្រាបជូនព័ត៌មានដូចខាងក្រោម ៖
* កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ លេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការ បង្ការ បញ្ឃប់ការប្រើប្រាស់ ការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា(SISHA) និងបារីអេឡិចត្រូនិក(E-Cigarette) នៅព្រះរាជណាចក្រកម្ពុជា។
* បន្ទាប់ពីទទួលបានសេចក្តីណែនាំខាងលើភ្លាម អង្គភាពពាក់ព័ន្ធ ជាសមត្ថកិច្ចអនុវត្តគ្រឿងញៀន នៅទូទាំងប្រទេសបានចុះផ្សព្វផ្សាយ អប់រំ ដល់បណ្តាលទីតាំងធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់ឱ្យបញ្ឃប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់។
* ទន្ទឹមនេះនៅមានទីតាំងមួយចំនួនមិនអនុវត្តតាមសេក្តីណែនាំខាងលើ នៅតែបំពាន សមត្តកិច្ចយើង ចាត់វិធានការក្តៅ ដោយធ្វើការបង្ក្រាបជាច្រើនលើកមកហើយ ព្រមទាំងរឹបអូសបានស៊ីហ្សា(SISHA) ឧបករណ៍ប្រើប្រាស់ និងបារីអេឡិចត្រូនិក(E-Cigarette) យកទៅបំផ្លាញចោល ចំពោះអ្នកធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ សមត្ថកិច្ចយើងធ្វើការអប់រំ និងធ្វើកិច្ចសន្យា ជាបន្តបន្ទាប់ ។ ដោយសារការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) មិនទាន់មានចែកនៅក្នុងច្បាប់នោះទេ៕