(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា វត្តមានរបស់លោក គីស៊ី ណូប៊ុអូ នៅកម្ពុជានាពេលនេះ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន។
ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
ក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសរំលេចថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទោះបីមានស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ប៉ុន្តែកងទ័ព និងក្រសួងការពារប្រទេសទាំងពីរ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ តាមផែនការកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា៖ ចំពោះវិស័យកងទ័ពជើងគោក បានបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរដំណើរទស្សនកិច្ច, ការចូលរួមប្រជុំ និងវេទិកានានា ហើយចំពោះវិស័យកងទ័ពជើងទឹក កងស្វ័យការពារជើងទឹកជប៉ុន បានបញ្ជូននាវាចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ចំពោះវិស័យរក្សាសន្តិភាព កងស្វ័យការពារជប៉ុន បានបើកវគ្គបំប៉នវិស័យរក្សាសន្តិភាពនៅកម្ពុជា ជូនកងកម្លាំងរក្សាសន្តិភាព លើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ និងនៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល ភាគីជប៉ុន បានធ្វើការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក និងបានទទួលកងកម្លាំង រក្សាសន្តិភាពកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនលើជំនាញវគ្គបំប៉នវិស្វកម្ម សំណង់ផ្ដេក និងគ្រឿងផ្ទុះ។
សម្តេចពិជ័យ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈ ប្រតិភូទៅវិញទៅមក ការគាំទ្រហ្វឹកហ្វឺនវិស័យរក្សាសន្តិភាព ការបណ្ដុះបណ្តាលធនធានមនុស្ស ការចូលចតនាវា កងស្វ័យការពារជប៉ុននៅកំពង់ផែព្រះសីហនុ ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។ ទាំងអស់នេះ សុទ្ធតែបង្ហាញពីឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅកម្ពុជានាពេលនេះ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវិស័យោធា រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត៕