(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០២២នេះ លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានប្រកាសបើកការចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សារយៈពេលពីរថ្ងៃ ក្នុងគោលបំណងដកស្រង់ បទពិសោធន៍ការងារ នៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាជ័យលាភីនៃកម្មវិធី «ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន» ដោយនៅថ្ងៃទីមួយ បានស្តាប់បទបង្ហាញរបស់រដ្ឋបាល ក្រុងពោធិ៍សាត់ ស្តីពីការអនុវត្តល្អនៃគម្រោង «ការកសាងទំបន់បង្ហៀទឹកក្បាលហុងស្ទឹងពោធិ៍សាត់»។
បន្ថែមពីនេះ ក្រុមការងារក៏បានធ្វើបទបង្ហាញ និងចុះទៅដល់ទីតាំងផ្ទាល់នៃគម្រោង «អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦» នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុននឹងបន្តដំណើរទៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីការអនុវត្តគម្រោងយុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី។
លោក ម៉ប់ សារិន បានថ្លែងថា ដំណើរទស្សនកិច្ចសិក្សានេះមានលក្ខណៈពិសេស ដោយហេតុថា អ្នកចូលរួមប្រមាណ៨០រូប សុទ្ធសឹងជាថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ដែលរួមមាន៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មកពី ២៥ រាជធានី ខេត្ត នៅប្រទេសកម្ពុជា។
លោក ម៉ប់ សារិន បានបន្ថែមថា ការពង្រឹងតួនាទីសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានដាក់ បញ្ចូលទៅក្នុងសមាសភាពទី១ គឺការគ្រប់គ្រង និងការសម្របសម្រួលការងារកំណែទម្រង់នៃ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដំណាក់កាលទី២ (២០២១-២០៣០) ត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ដំណើរទស្សនិច្ចសិក្សាដ៏មានសារសំខាន់នេះ រៀបចំដោយអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងជាផ្នែកមួយនៃការអនុវត្តគម្រោង «ពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាជាសារវ័ន្ត» ដែលគាំទ្រដោយ EU តាមរយៈសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។
គួរជម្រាបថា លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចូលរួមបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយបានប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃកម្មវិធីពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន ដល់រដ្ឋបាលក្រុង ស្រុក និងសង្កាត់ រួមមាន៖ ជ័យលាភីលេខ១ បានទៅលើគម្រោង «សាងសង់ទំនប់បង្ហៀរក្បាលហុង ស្ទឹងពោធិ៍សាត់» របស់រដ្ឋបាលក្រុងពោធិ៍សាត់។
ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជ័យលាភីលេខ៣ បានទៅលើគម្រោង «អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ ១៥-១៦» របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សា ត្រូវខិតខំធ្វើការពង្រឹងស្ថាប័នរបស់ខ្លួន ដែលជា «នីតីបុគ្គល» តំណាងឲ្យសំឡេង ជាការពារផលប្រយោជន៍ស្របច្បាប់ និងជាអ្នកអភិវឌ្ឍសមត្ថភាពរបស់សមាជិកក្នុងការអនុវត្តតួនាទី ភារកិច្ច និងមុខងារដែលថ្នាក់ជាតិបានផ្ទេរ និងប្រគល់ឱ្យអនុវត្ត នៅក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ផ្អែកតាមការវិវឌ្ឍនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមដំណាក់កាលនីមួយៗ បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព និងសមត្ថភាពក្នុងការទទួលខុសត្រូវលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកប ដោយភាពម្ចាស់ការ៕