(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ បានផ្តល់ជំរុញឱ្យមីយ៉ាន់ម៉ាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន៥ចំណុចរបស់អាស៊ាន ដើម្បីកុំឱ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតល្មួតរបស់អាស៊ាន។
ការបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅឯទីស្តីការក្រសួងការពារជាតិ។
នៅក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានកត់សម្គាល់ថា បញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមដែលធ្វើឱ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតល្មួតរបស់អាស៊ានដែលភាគីទាំងអស់គ្នាត្រូវយកចិត្តទុកដាក់។
សម្តេចបញ្ជាក់ដូច្នេះថា៖ «ចំណុចអាទិភាពនាពេលបច្ចុប្បន្ន គឺការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន៥ ចំណុចរបស់អាស៊ាន។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈខ្ពស់នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួចមកហើយនោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយនាំយកប្រទេស និងប្រជាជនមីយ៉ាន់ម៉ាត្រឡប់មករកប្រក្រតីភាពវិញ ក៏ដូចជាពង្រឹងឯកភាព និងសាមគ្គីភាពអាស៊ានផងដែរ»។
ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ កាលពីខែឧសភា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗនូវអាទិភាពបន្ទាន់៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ អាទិភាពបន្ទាន់ទាំង៣នោះរួមមាន៖ ១៖ ការបញ្ឈប់អំពើហិង្សា, ២៖ ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង ៣៖ ការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច របស់មីយ៉ាន់ម៉ា មានការវិវឌ្ឍតិចតួចប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ របបយោធាមីយ៉ាន់ម៉ា ថែមទាំងបានប្រកាសកាត់ទោសប្រហារជីវិត អតីតសមាជិកគណបក្សរបស់ លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) និងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ពីបទភេរវកម្ម ដែលវានឹងជាការកាត់ទោសប្រហារជីវិត តាមប្រព័ន្ធតុលាការ ជាលើកដំបូងរបស់ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩០មក៕