(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ បានគូសបញ្ជាក់ថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់អាស៊ាន ហើយភាពតានតឹងរវាងមហាអំណាច បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ វាអាចនឹងបង្កជាហានិភ័យ និងមហន្តរាយដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងសកលលោក។
ការគូសបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅឯទីស្តីការក្រសួងការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់របស់យើង។ ភាពតានតឹងរវាងមហាអំណាចនេះ បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ វាអាចនឹងបង្កជាហានិភ័យ និងមហន្តរាយដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងសកលលោកទាំងមូល»។
សម្តេចពិជ័យសេនា បានជំរុញឱ្យភាគីទាំងអស់ពង្រឹងតួនាទីពហុភាគីនិយម គោរពនូវច្បាប់អន្តរជាតិ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក អត់ធ្មត់ជាអតិបរិមា និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីបញ្ចៀសនូវហានិភ័យណាមួយ ដែលអាចកើតឡើងដោយសារភាពតានតឹងនេះ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានរំលឹកថា ប្រជាជាតិអាស៊ីអាគ្នេយ៍ទទួលផលប៉ះពាល់ផ្នែកសន្តិសុខសឹងប្រហាក់ប្រហែលគ្នារាប់តាំងពីអាណានិគម ឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច ការបែងចែកផ្នែកមនោគមន៍វិជ្ជា ការកៀបសង្កត់សង្គ្រាមស៊ីវិល គ្រោះមហន្តរាយរហូតដល់ជំងឺរាតត្បាតសកល។
សម្តេចបានបន្ថែមថា ប្រវត្តិសាស្ត្រក៏បានជំរុញឱ្យយើងភ្ញាក់រលឹកទទួលយកនូវសច្ចភាពនៃការរួបរួមគ្នា ពង្រឹងសាមគ្គីភាពនិងឯកភាព គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាដោយវិធីឈ្នះឈ្នះ។ តែទោះជាដូច្នេះក្តី ល្គឹកណាផែនដីនៅតែវិលការផ្លាស់ប្ដូរនៅតែមានជានិច្ច ហើយបញ្ហាថ្មីៗនឹងកើតមានជាបន្តបន្ទាប់។
«ដូច្នេះយើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈទទួលយកនូវឧបសគ្គទាំងនោះគ្រប់ពេលវេលា ហើយព្យាយាមរួមគ្នាដោះស្រាយដោយផ្អែកលើស្មារតីសន្តិភាពនិយម សហវិជ្ជមាន មិនមានការរើសអើង សហប្រតិបត្តិការទុកចិត្តគ្នានិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តីការពារជាតិកម្ពុជា៕