(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានរួមគ្នាចាប់ផ្ដើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ សង្គមលើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។
យុទ្ធនាការការពារសត្វព្រៃយើង៖ ការកាត់បន្ថយការដាក់អន្ទាក់ ការទិញ/លក់ និងការហូបសាច់សត្វព្រៃ ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តោតលើការកាត់បន្ថយការទិញ និងការហូបសាច់សត្វព ដោយសារ ការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់សុខភាព និងជំរុញឱ្យមានការប្រមាញ់សត្វព្រៃ។ យុទ្ធនាការទី២ ក្នុងចំណោមយុទ្ធនាការចំនួន៣ ដែលផ្តល់ខ្លឹមសារ និងសារគន្លឹះតាមរយៈប្រព័ន្ធពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជនឱ្យក្លាយជា «ជើងឯកបៃតង» គំរូក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តប្រកបដោយជោគជ័យរបស់ពួកគេជុំវិញកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា។
លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ «សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ យើងសង្ឃឹមថាការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀតក្នុងការពារសត្វព្រៃ»។
គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការពង្រឹងការយល់ដឹងជាសាធារណៈ ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថ ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារគន្លឹះសំខាន់ៗ ស្តីពី ការកាត់បន្ថយ តម្រូវការទិញនិងហូបសាច់សត្វព្រៃដើម្បីចូលរួមការពារព្រៃឈើនិងសត្វព្រៃ និងធានាចីរភាពនៃជីវភាពរស់នៅរបស់សហគមន៍។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយក្នុងការអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាជនទាំងអស់ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស និយាយថា «ទេចំពោះសាច់សត្វព្រៃ» និងចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិ របស់ព្រះរាជាណាចក្រយើង»។
យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) អង្គការ អភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wid Earth Allies) និងសហគមន៍មូលដ្ឋាន។
យុទ្ធនាការអន្ទាក់-សូន្យ បានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណងលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃនិងផលិតផលធ្វើពីសត្វព ផ្សេងទៀតនៅកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យនេះ នឹងបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយផ្តោតលើខេត្តចំនួន៦ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និងរតនគិរី៕