(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការប្រតិបត្តិសាសនាឥស្លាមរបស់ពលរដ្ឋនៅកម្ពុជា កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា បើទោះបីជាកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយការអង្គការសម្ព័ន្ធពិភពឥស្លាម នៅមិនទាន់មានចំនួនច្រើនក្ដី ប៉ុន្តែសម្ដេចបានសម្ដែងក្ដីសង្ឃឹមទៅថ្ងៃខាងមុខកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងកាន់តែមានការរីកចម្រើនថែមទៀត។ សម្ដេចបន្តថានៅកម្ពុជា ការប្រតិបត្តិសាសនាឥស្លាមរបស់ពលរដ្ឋក៏កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល»។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម រួមទាំងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការ ដែលបានផ្ដល់កិច្ចសហការជាមួយកម្ពុជាកន្លងមក និងបន្តទៀត ក្នុងនោះរួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានទទួលយកពលករកម្ពុជាទៅបំពេញការងារ។

សម្ដេចក៏បានរំលឹកដែរថាកន្លងមក សម្ដេចធ្លាប់បានទទួលជួបឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ដែលនៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដោយសម្ដេចបានស្វាគមន៍ និងថាការពន្យាពេលទស្សនកិច្ចនោះគឺដោយសារស្ថានភាពកូវីដ-១៩។

យ៉ាងណាក៏ដោយ សម្ដេចបានបន្តថា បច្ចប្បន្នគឺជាឱកាសសមស្របហើយសម្រាប់ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយសារពីកម្ពុជាក៏មានសាសនិកឥស្លាម និងពលករធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងខាងសាសនា និងការងារដែរ ហើយដែលការពារសន្តិសុខដល់ពួកគាត់ក៏ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ជាការឆ្លើយប លោកបណ្ឌិត Muhammad bin Abdul Karim Issa បានជម្រាបជូនសម្ដេចក្រឡាហោមថា លោកពិតជាមានភាពរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសលោកបានដឹងថាកម្ពុជាជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឱ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង។

លោកក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថាក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយពលរដ្ឋខ្មែរជាសាសនិកឥស្លាម សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងបានចូលជួបសម្ដេចតេជោ ហ៊ុន សែន។ លោកបន្តថា ទោះបីពលរដ្ឋកាន់សាសនាឥស្លាមនៅកម្ពុជាមានភាគរយតិច តែពួកគាត់មានយល់ដឹង និងរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋកាន់សាសនាផ្សេងទៀត។

លោកក៏បានជម្រាបសម្ដេចទៀតថា លោកបានទទួលអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតពីសម្ដេចតេជោ ហ៊ុន សែន អំពីការធ្វើឱ្យមានសុខដុមនីយកម្មខាងសាសនានៅកម្ពុជា និងបានបន្តថាការរស់នៅស្រុះស្រួលគ្នានេះ គឺជាការបង្ហាញឱ្យឃើញថាកម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ ដែលលោកនឹងចែករំលែកទៅកាន់វេទិកាអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងនេះ និងបានគូសបញ្ជាក់ថា ភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយនេះកន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ដែលបានហាមឃាត់ការប្រតិបត្តិខាងសាសនាគ្រប់សាសនា ដែលកំហុសនេះធ្វើឱ្យថ្នាក់ដឹកនាំជំនាន់ក្រោយត្រូវតែចៀសវាងជាដាច់ខាត។

សម្ដេចបន្តថា ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាមចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូនលោកទេសរដ្ឋមន្រ្តី អូស្មាន់ ហាសាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរឥស្លាមក្នុងមុខតំណែងគណៈអភិបាលនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការងារពាក់ព័ន្ធនឹងពលរដ្ឋខ្មែរឥស្លាម និងបានថ្លែងអំណរគុណចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសបានជួយដល់ពលរដ្ឋខ្មែរឥស្លាម៕