(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២ ចំនួន២១០នាក់ នៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន។

លោក សុខ លូ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ជានិច្ចជាកាលតែងតែធ្វើការគិតគូរគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ដែលជាអ្នកពលីកម្លាំងកាយ កម្លាំងចិត្តខិតខំការពារមាតុភូមិប្រទេស ចូលរួមចំណែកក្នុងការនាំយកសុខសន្ដិភាពជូនប្រទេស ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានរំឮកដល់អតីតយុទ្ធជនទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដូសទី៤ និងដូស៥ សូមមេត្តារួសរាន់ទទួលការចាក់វ៉ាក់សាំង នៅតាមមណ្ឌលវ៉ាក់សាំង ដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក បានរៀបចំដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍ជាថ្មីម្ដងទៀតនូវជំងឺកូវីដ១៩ បើទោះបីជាមួយរយៈពេលចុងក្រោយនេះ មិនមានការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ក៏ពិតមែន ក៏មិនមែនមានន័យថា ត្រូវបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសឡើយ ពោលគឺត្រូវតែមានភារកិច្ចជាប់ខ្លួនជានិច្ចក្នុងការទប់ស្កាត់ ជំងឺសកលមួយនេះ កុំឱ្យបន្តមានវត្តមាននៅក្នុងប្រទេសរបស់យើង និងសូមកុំឱ្យមានការព្រួយបារម្ភថាវ៉ាក់សាំងកូវីដ១៩ អស់ពីស្ដុក ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានធ្វើការកម្មង់ទិញគ្រប់គ្រាន់ ពីបណ្ដាប្រទេសនៅក្នុងសកលលោក ដើម្បីនាំយកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕