(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលារួម កម្ពុជា-កូរ៉េ លើកទី២ ស្តីអំពីជំងឺត្រចៀក ច្រមុះ បំពង់ក ជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក គីម ខ្វាងវុក (Kim Kwang Wook) ប្រធានតំណាងស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា, លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ យូ ប្យុងវុក (Yoo Byung Wook) ប្រធានគម្រោងនៃមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង។

អង្គភាពពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមទាំងតំណាងក្រសួងសុខាភិបាល រួមទាំងមន្ត្រីមកពីការិយាល័យកយកា មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឍមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង ដែលមានអ្នកចូលរួមសរុបជាង១២០នាក់ រួមមានវេជ្ជបណ្ឌិតកូរ៉េចំនួន ៧នាក់ និងគិលានុបដ្ឋាយិកាកូរ៉េចំនួន៥នាក់ បានចូលរួមនៅក្នុងសិក្ខាសាលានេះ។

ក្នុងសុន្ទរកថាអបអរសាទរ លោក គីម ខ្វាងវុក ប្រធានតំណាងស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា បានឲ្យតម្លៃខ្ពស់អំពីសិក្ខាសាលានេះ ដោយលោកបញ្ជាក់ថា សិក្ខាសាលានេះ ជាសិក្ខាសាលាលើកទី២ បន្ទាប់ពីសិក្ខាសាលាលើកទី១ ប្រព្រឹត្តិឡើងកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ និងពិធីសម្ពោធជាផ្លូវការ ដើម្បីបញ្ចប់ការសាងសង់ និងជាពិធីប្រគល់ និងទទួលជាផ្លូវការនូវអគារ ត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដល់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

លោក គីម ខ្វាងវុក បានអះអាងថា គោលបំណងនៃសន្និសីទលើកទី២នេះ គឺដើម្បីគឺចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងជំនាញរបស់ប្រទេសនីមួយៗ (កម្ពុជា កូរ៉េ) នៅក្នុងវិស័យ ត្រចៀក ច្រមុះ និងបំពង់ក ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាព នៃការព្យាបាលរួមគ្នា រវាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ដោយប្រើវិធីសាស្ត្រពហុជំនាញ។

ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់អគារថ្មី និងជំនួយបច្ចេកទេសសម្រាប់ជំងឺត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ។

ក្នុងអំឡុងពេល នៃសិក្ខាសាលា ភាគីកូរ៉េបានពន្យល់អំពី ទី១៖ ការវះកាត់កែកុនក្បាល និងក, ទី២៖ ករណីសំខាន់ៗ នៅមជ្ឍមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាងទាក់ទងទៅនឹង ត្រចៀក ច្រមុះ បំពង់ក, ទី៣៖ ករណីសិក្សា ត្រចៀក ច្រមុះ បំពង់ក (ច្រៀក) និងការសិក្សា ត្រៀក ច្រមុះ បំពង់ក (ក្បាល និងក) និងទី៤៖ ការពិភាក្សាលើបច្ចេកទេសវះកាត់ចុងក្រោយទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក។

ចំណែកខាងភាគីកម្ពុជា បានធ្វើបទបង្ហាញអំពី ទី១៖ ការចែករំលែកចំណេះដឹងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក, ទី២៖ ការចែករំលែកចំណេះដឹងផ្នែកវះកាត់កែសម្ផស្ស, ទី៣៖ករណីសំខាន់ៗ នៅផ្នែកត្រចៀក នៅមន្ទីរពេទ្យព្រះអង្គឌួង និងទី៤៖ ករណីសំខាន់ៗ នៅផ្នែកក្បាល និងក នៅមន្ទីរពេទ្យព្រះអង្គឌួង។

សូមរំលឹកថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ប្រាំបីលានដុល្លារសហរដ្ឋអាមេរិក សម្រាប់ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង» ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២នេះ។

អគារត្រចៀក ច្រមុះ បំពង់ក ចំនួនមួយខ្នងដែលមានកម្ពស់៥ជាន់ បានសាងសង់រួចរាល់ហើយ នៅក្នុងបរិវេណ មន្ទីពេទ្យព្រះអង្គឌួង ហើយអគារនះបានបំពាក់នូវសំភារៈទំនើបបំផុត ចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យអោយល្អប្រសើរមួយកម្រិតថែមទៀត។ ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ពន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្តិភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕