(ភ្នំពេញ)៖ លោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានដឹកនាំគណៈប្រតិភូវិលនិវត្តពីប្រទេសកម្ពុជា និងបន្តដំណើរបំពេញទស្សនកិច្ចឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោយពីបំពេញទស្សនកិច្ចនៅកម្ពុជាអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២៥ ខែមិថុនា ឆ្នាំ២០២២។

ការអញ្ជើញវិលនិវត្តនេះ ត្រូវបានជូនដំណើរយ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា RABITA និងថ្នាក់ដឹកនាំឥស្លាមជាច្រើនរូប នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងរយៈពេល៧ថ្ងៃ នៃដំណើរទស្សនកិច្ចនេះ លោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម និងជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នជាទីប្រឹក្សាព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត មានឋានៈស្មើរដ្ឋមន្រ្តី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក អគ្គលេខាធិការ ក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានោះ លោក អគ្គលេខាធិការ ក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ, សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។

លោក អគ្គលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ហេីយ លោក និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) ផងដែរ។

ក្រៅពីនេះ លោក អគ្គលេខាធិការ ក៏បានធ្វើបាឋកថាពិសេស ស្ដីពី «គុណតម្លៃរួមរបស់យើង និងសម្ព័ន្ធអរិយធម៌» នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និង មានកម្មវិធី ជាច្រេីនទៀត។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕