(ព្រះវិហារ)៖ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ក្រោមការសហការណ៍គ្នារវាងក្រុមគ្រូពេទ្យនៃសមាគមប្រឹក្សាសុខភាពប្រជាជន និងក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក និងវៀតណាមមកពីសាកលវិទ្យាល័យ Mercer University បានធ្វើដៃ ជើងសិប្បនិម្មិតថ្មីចំនួន៤៥៦នាក់ ក្នុងនោះប្រុស ៤០៣នាក់ ស្រី៥៣នាក់ ពិការជើងចំនួន ៣៩៨នាក់ និងពិការដៃ៥៨នាក់។

អតីតយុទ្ធជន នុងពលរដ្ឋពិការទាំងនោះមកពីបណ្តាខេត្តក្រុងមានដូចជា៖ ព្រះវិហារ កំពង់ធំ សៀមរាប ក្រចេះ កំពត ស្ទឹងត្រែង បាត់ដំបង ឧត្តរមានជ័យ ត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

ស្ថិតក្នុងឱកាសនោះដែរ លោកស្រី ហ៊ាង ដារ័ត្ន តំណាងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ បានអញ្ជើញចូលរួមថ្លែងអំណរគុណក្នុងកម្មវិធីធ្វើដៃជើងសិប្បនិម្មិតដោយមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋទូទៅ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តមានដូចជាលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ, លោកវេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន។

បន្ទាប់ពីទទួលបាននូវដៃជើងថ្មីរួចមកបងប្រុសម្នាក់ដែលជាអតីតទាហានការពារព្រំដែនដែលមានគ្រោះថ្នាក់ដាច់ជើងទាំងសងខាងបានបង្ហាញពីអារម្មណ៍រំភើបរបស់គាត់លាយឡំជាមួយនិងទឹកភ្នែកថាគាត់មិនដែលបានដើរដោយជើងទាំង២ នេះរយះពេល ១២ឆ្នាំមកហើយ។

ចំណែកឯបុរសម្នាក់ទៀត ជាកសិករហើយបានរងគ្រោះថ្នាក់ជាន់គ្រាប់មីនដូចគ្នានៅពេលដែលចូលទៅភ្ជួររាស់ដីដាំកសិកម្មបានសំដែងពីអារម្មណ៍របស់គាត់ថារយៈពេល ៣០ឆ្នាំហើយ ដែលគាត់ពិការដោយសារតែគាត់បានជាន់គ្រាប់មីន ដែលបន្សល់ទុកពីសម័យសង្គ្រាមនេះ។

រីឯកុមារាម្នាក់ដែលរងគ្រោះពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ និងកុមារីម្នាក់ទៀតរងគ្រោះថ្នាក់ដាច់ដៃខាងស្តាំដោយសារតែគ្រឿងម៉ាសុីននាក់ទាំ២ បានសំដែងនូវ​ទឹកចិត្តសប្បាយរីករាយជាមួយគ្នាថាពេលនេះគាត់អាចដើរទៅរៀនដោយមិនចាំបាច់ប្រើឈើច្រត់ និងដៃរបស់គាត់អាចចាប់កាន់វត្ថុផ្សេងៗទៀតបានវិញហើយ។ ដោយសារ​តែបានគុណបុណ្យបារមីដ៏ឧត្តុងឧត្តមរបស់ព្រះបាទ នរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានទៅដល់ការបង្រួបបង្រួមជាតិទាំងស្រុង ក្រោមគោលនយោបាយឈ្នះឈ្នះ ហើយបានដឹកនាំប្រទេសអោយមានសុខសន្តិភាពការអភិវឌ្ឍ និងភាពរីកចម្រើនដូចសព្វថ្ងៃនេះ។

ជាចុងក្រោយលោកស្រី ហ៊ាង ដារ័ត្ន បានធ្វើកម្មវិធីពិសាអាហារសាមគ្គីតាមបែបប្រពៃណីខ្មែរ ដើម្បីថ្លែងអំណរគុណជូនដល់ក្រុមគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យ Mercer University ក្នុងដំណើរនិវត្តន៍ត្រលប់ទៅសហរដ្ឋអាមេរិកវិញ។

ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត Han Van Vo ជាប្រធានដឹកនាំក្រុមគ្រូពេទ្យបានបង្ហាញពីចំណាប់អារម្មណ៍ថាក្រោយពីឃើញស្នាមញញឹម​របស់បងប្អូនជនពិការ​បន្ទាប់ពីទទួលបានដៃជើងសិប្បនិម្មិតថ្មីនេះ មកលោក និងក្រុមការងារ គឺមានសេចក្តីរំភើបឥតឧបមាហើយសន្យាថានឹងវិលត្រលប់មកវិញជាថ្មីម្តងទៀត​ប្រសិនបើមាន​តម្រូវការចាំបាច់ និងពេលវេលាមួយសមស្រប។

ជាការឆ្លើយតបរដ្ឋបាលខេត្តព្រះវិហារ រីករាយទទួលស្វាគមន៍បងប្អូនដែលមកពីបណ្តាររាជធានី-ខេត្តផ្សេងទៀត ក្នុងការមកទទួលយកការព្យាបាលរបស់ក្រុមគ្រូពេទ្យកម្ពុជា វៀតណាម និងសហរដ្ឋអាមេរិក ក្នុងឱកាសក្រោយៗទៀត៕