(កណ្ដាល)៖ បន្ទាប់ពីទទួលដំណឹងភ្លាមៗពីភាពលំបាកវេទនារបស់ប្ដីប្រពន្ធវ័យចំណាស់ក្រខ្សត់មួយគ្រួសារ ដែលស្ត្រីជាភរិយា មានជំងឺប្រចាំកាយ ប្តីជាជាងសំណង់ រស់នៅក្នុងរោងទ្រុឌទ្រោម នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង នាំយកអំណោយជាថវិកា និងស្បៀងឧបភោគបរិភោគ រួមទាំងសម្ភារៈប្រើប្រាស់ទៅផ្តល់ជូនភ្លាមៗទាំងយប់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ក៏បានប្រគល់ថវិកាចំនួន ៥លានរៀល និងសម្ភារប្រើប្រាស់មួយចំនួន ជូនរួចរាល់ដល់គ្រួសារទុរគតពីរនាក់ប្តីប្រពន្ធខាងលើនេះ ដែលស្ត្រីជាប្រពន្ធឈ្មោះ ផង់ ជា អាយុ៥៦ឆ្នាំ មានជំងឺប្រចាំកាយ និងប្តីឈ្មោះ ពេជ្រ សុខា អាយុ ៥១ឆ្នាំ ធ្វេីជាជាងសំណង់ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ មានកូនប្រុសស្រីចំនួន ២នាក់ ធ្វេីការនៅរោងចក្រ ប៉ុន្តែមានគ្រួសាររស់នៅរៀងៗខ្លួនអស់ហើយ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះគ្រួសារអ្នកទាំងពីរ។

លោកស្រីបានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានខាងលើនេះភ្លាម សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ និងបានចាត់ឱ្យក្រុមការងារចុះមកភ្លាមៗតែម្តង ដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ និងជាការលេីកទឹកចិត្ត ខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត ការផ្តល់អំណោយនាពេលនេះ នឹងអាចកែប្រែជីវភាពឱ្យបានល្អប្រសេីរជាងមុន»

ជាមួយគ្នានេះ លោកស្រីក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ស្អាត ហេីយចំពោះកូនៗវិញ ត្រូវមេីលថែទាំឪពុកម្តាយឱ្យបានល្អដេីម្បីភាពកក់ក្តៅនៅក្នុងគ្រួសារ។

ជាកិច្ចឆ្លេីយតប គ្រួសារក្រខ្សត់នេះ បានសម្តែងនូវក្តីរំភើបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ ជួយសម្រាលដល់ការលំបាកវេទនារបស់ពួកគាត់មួយចំណែកធំ៕