(ភ្នំពេញ)៖ តាមរយៈសារលិខិតនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញគោលការណ៍៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងកែច្នៃ ជួញដូរគ្រឿង ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងគោលការណ៍ណែនាំសំខាន់ៗទាំង៥ ចំណុចមួយសម្តេចតេជោ ហ៊ុន សែន បានឲ្យបន្តប្រឹងប្រែងទប់ស្កាត់ការប៉ុនប៉ងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពិសេស គឺត្រូវត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរ ពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅកម្ពុជា។

ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទោះបីគ្រប់ភាគីពាក់ព័ន្ធជាតិ-អន្តរជាតិ ខិតខំប្រឹងប្រែងទទួលបានលទ្ធផលល្អ ប៉ុន្តែដោយនិន្នាការរួមជាសកល កម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅតែប្រឈមគួរឱ្យព្រួយបារម្ភ ពីការប៉ុនប៉ងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

យោងលើស្ថានភាពនេះ និងក្នុងគោលដៅរក្សាបាននូវនិរន្តរភាព នៃប្រសិទ្ធភាពការងារជាបន្តទៀតនោះ ពិសេសក្នុងបរិបទពិភពលោកទាំងមូលបាន និងកំពុងប្រឈមទៅនឹងវិបត្តិនានា ដូចជាផ្នែកសុខភាព និងមនុស្សធម៌នោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញការណែនាំ និងសំណូមពរបន្ថែមទៅលើបទបញ្ជា គោលការណ៍ណែនាំ ដែលបានដាក់ចេញកន្លងមកមួយចំនួនទៀត ដូចតទៅ៖

១៖ អំពាវនាវដល់ជនរួមជាតិទាំងអស់ ពិសេសមាតាបិតានិងអាណាព្យាបាលមបន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហា ដែលអាចកើតមាននៅក្នុងសហគមន៍។ ជាមួយនេះ មាតាបិតានិងអាណាព្យាបាលបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូនចៅតទៅមុខ។

២៖ គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ-ការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារទិសស្លោក «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន។

៣៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាលស្ដារនីតិសម្បទាទាំងនៅក្នុងមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋនិងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនឱ្យទៅទទួលយកសវាព្យាបាលស្តារនីតិសម្បទាក្នុងមូលដ្ឋានរបស់ខ្លួន។

៤៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការសម្របសម្រួលដឹកនាំ អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរ ពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀន ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

៥៖ គ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងប្រជាជនទាំងអស់ ពិសេសមាតាបិតានិងអាណាព្យាបាលសូមបន្តចូលរួមនិងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧របស់រាជរដ្ឋាភិបាលកម្ពុជា៕