(ភ្នំពេញ)៖ គ្រឿងញៀនចំនួនជាង៦តោន ក្នុងចំណោមគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ទម្ងន់សរុប ៩០ តោន ៨០ គីឡូក្រាម ៦៦៤.៣០ក្រាម ដែលរឹបអូសបានពីបទល្មើសគ្រឿងញៀន ៥៥សំណុំរឿងក្នុងរាជធានីភ្នំពេញ ត្រូវបានដុតបំផ្លាញចោល នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» និងការដុតបំផ្លាញគ្រឿងញៀនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើយោងតាមរបាយការណ៍របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ វត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥៥ រឿង មានទម្ងន់សរុប ៩០ តោន ៨០ គីឡូក្រាម ៦៦៤.៣០ ក្រាម។ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលនេះ គណៈកម្មាការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចបំផ្លាញគ្រឿងញៀននៅចំពោះមុខ ដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមីទម្ងន់៦តោន ២៥៩ គីឡូក្រាម និង៥៣០.៣២ក្រាមប៉ុណ្ណោះ។

លោកបន្តថា រីឯសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំទម្ងន់ ៨៣ តោន ៨២១ គីឡូក្រាម និង ១៣៣.៩៨ ក្រាម ដែលជាសារធាតុរំលាយ ហើ ជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង មិនអាចធ្វើការបំផ្លាញតាមវិធីសាស្ត្រដុតបាន គឺ គណៈកម្មការដុតបំផ្លាញគ្រឿងញៀន សម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេស នាពេលក្រោយទៀត។

លោកសង្កត់ធ្ងន់ថា «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងជាប់បណ្ដឹងឧទ្ធរណ៍ជាច្រើនទៀត ដែលនាពេលខាងមុខគណៈកម្មការនឹងរៀបចំដុតបំផ្លាញ ជាបន្តបន្ទាប់តាមដំណាក់កាល នៅពេលទទួលបានសេចក្ដីសម្រេចរបស់តុលាការ»

លោកព្រះរាជអាជ្ញាបន្តថា បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺពួកក្រុមឧក្រិដ្ឋជន បានយកគ្រឿងញៀនធ្វើជា មុខរបរជំនួញរបស់ពួកគេ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ភាគច្រើន ជាយុវវ័យ បានប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសាធារណក្នុងសង្គមជាតិ។

លោកបន្ថែមថា សមត្ថកិច្ចរបស់យើង ទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអយ្យការ តុលាការបានខិតខំយកចិត្តទុកដាក់ អនុវត្តវិធានការច្បាប់ដោយ មិនយោគយល់ ឬអត់អោនឱ្យជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះ តុលាការនឹងផ្តន្ទាទោសជនល្មើសយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិច្បាប់ជាធរមាន៕