(បន្ទាយមានជ័យ)៖ ខ្យល់កន្ត្រាក់លាយឡំដោយភ្លៀងផ្គរផង បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋសរុបប្រមាណ ៥១ខ្នង ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរងការខូចខាតធ្ងន់ស្រាល។

ឧត្តមសេនីយ៍ឯក ហ៊ុ ន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងភរិយា បានឧបត្ថម្ភជាស័ង្កសី ព្រមទាំងបានណែនាំឱ្យកងទ័ពនៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ឈរជើងក្នុងខេត្តបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះប្រជាពលរងការខូចខាតនេះ ដើម្បីសម្រួលការលំបាករបស់ពួកគាត់។

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន ៣៩នាក់ រថយន្ត ២គ្រឿង ភ្ជាប់ជាមួយឧបករណ៍សម្ភារៈ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតនេះ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ សរុបចំនួន ១៧ខ្នង ក្នុងនោះផ្ទះខូចធ្ងន់ចំនួន ៤ខ្នង។

សូមបញ្ជាក់ថា ឈរលើស្មារតីទ័ពតែងតែផ្សារភ្ជាប់ជាបង្អែករបស់ជាតិ និងប្រជាជននោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ហើយតែងតែបានក្រើនរំលឹកជាប់ជានិច្ចដល់កងទ័ពឱ្យយកចិត្តទុកដាក់ជួយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ក្រៅតែពីការក្រើនរំលឹកពលរដ្ឋយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋហើយនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ជាស័ង្កសីរក្សាទុកនៅទីបញ្ចាការកងពលសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ពេលជួបគ្រោះខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ដែលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ។

បងប្អូនប្រជាពលរដ្ឋរងគ្រោះ បានសម្តែងនូវក្តីរីករាយជាខ្លាំងចំពោះកាយវិកាយកចិត្តទុកដាក់ និងជួយយកអាសារពីសំណាក់កងទ័ពនេះ។ ពួកគាត់ បានបង្ហាញការពេញចិត្តលើកាយវិការទាំងនេះ និងបានប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ពួកគាត់ ក៏បានសូមជូនពរលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា មានសុខភាពល្អបរិបូណ៌ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍៕