(កណ្តាល)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៩៩៦នាក់ បានបន្តយកចិត្តទុកដាក់ទៅពិនិត្យ និងព្យាបាលជំងឹជូនប្រជាពលរដ្ឋប្រមាណ ៧,៦៧៩នាក់ដោយឥតគិតថ្លៃ នៅវិទ្យាល័យជ័យវរ័្មនទី៧ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ក្រៅពីនោះក្រុមការងារក៏បាន បន្តចុះអប់រំពីវិធានការការពារជំងឹកូវីដ១៩ និងចាក់វ៉ាក់សាំងជូនពលរដ្ឋដែលដល់ការកំណត់នៃការចាក់។

ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកណ្តាលនេះ ធ្វើឡើងនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការដឹកនាំដោយ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី និងក្រោមអធិតីលោក នួន ចន្ទរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល សហការជាមួយ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តណ្តាល រួមជាមួយក្រុមការងាររដ្ឋបាលខេត្តកណ្តាល, លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកណ្តាល និងអាជ្ញាធរដែលពាក់ព័ន្ធ, លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ, មន្ទីរសុខាភិបាល មន្ទីរជុំវិញខេត្តកណ្តាល សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ការពិគ្រោះជំងឺនាថ្ងៃនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៦ មិថុនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី, ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦ នាក់ (បីពាន់ប្រាំមួយរយកៅសិបប្រាំមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានថ្លែងបន្តថា «ក្នុងខេត្តកណ្តាល បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១២លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៨៧,៤០៦ នាក់(ប្រាំបីម៉ឺន ប្រាំពីរពាន់ បួនរយ ប្រាំមួយនាក់) ក្នុងនោះស្រ្តីមានចំនួន ៥០,៦០១នាក់ (ប្រាំម៉ឺន ប្រាំមួយរយ មួយនាក់) ក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៦១២ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៩,៥៣៧,១៤៣នាក់ (ប្រាំបួនលាន ហាសិបបីម៉ឺន ប្រាំពីរពាន់ មួយរយ សែសិបបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,០៧៩,៧១៥នាក់ (ប្រាំលាន ប្រាំពីរម៉ឺន ប្រាំបួនពាន់ ប្រាំពីររយ ដប់ប្រាំនាក់) ជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៦,៨៤៣,៣៣៣ នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២»

ការចុះពិនិត្យ និងព្យាបាលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាថ្ងៃនេះ ក៏បានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់លោក នួន ចន្ទរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តណ្តាល ដោយកន្លងមកក្រុមការងារគ្រូពេទ្យបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្អាងខេត្តកណ្តាល ដោយមានការអបអរសាទរយ៉ាងក្រៃលែងពីបងប្អូនប្រជាពលរដ្ឋនោះទីនោះ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន២៧១នាក់ ជំងឺស្ត្រីចំនួន២៨៣នាក់ ជំងឺផ្លូវចិត្តចំនួន១៩៧នាក់ ជំងឺឫសដូងបាតចំនួន១៧៨នាក់ ជំងឺសន្លាក់ឆ្អឹងចំនួន២៥១នាក់ ជំងឺផ្លូវដង្ហើមចំនួន១៦៧នាក់ ជំងឺទឹកនោមផ្អែមចំនួន៣៤៣នាក់ អេកូសាស្ត្រចំនួន៥៣៧នាក់ វាស់និងពិគ្រោះជំងឺបេះដូងចំនួន៣៥៦នាក់ ជំងឺត្រចៀកនិងបំពង់ក៤០២នាក់ ជំងឺវះកាត់តូចចំនួន៧៣នាក់ វិភាគឈាម៧៨១នាក់ ជំងឺទូទៅចំនួន៣,៣២៩នាក់ និងផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ចំនួន៤៩នាក់ សង្គ្រោះបឋមចំនួន៣១៧នាក់ ជំងឺភ្នែក៣២១ និងសុខភាពមាត់ធ្មេញ១២៤នាក់៕