(អូស្ដ្រាលី)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណណបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) នៅទីក្រុងភើត្ស (Perth) ប្រទេសអូស្ត្រាលី។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក ខាន់ វណ្ណៈ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៨ (Perth) និងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង និងក្រុមការងារយុវជនជាច្រើននាក់ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ ZOOM ផងដែរ។

ក្នុងកម្មវិធីនោះដែរ ក៏មានការអានសន្ទរកថា និងថ្លែងនូវសារនយោបាយមួយចំនួនអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គកន្លងមករហូតធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។

ផ្សាភ្ជាប់ជាមួយស្នាដៃធំៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសមានស្ថេរភាពនយោបាយ សុខសន្តិភាព ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តដើរតាមមាគ៌ាគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕