(ភ្នំពេញ)៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រគល់ម៉ាស៊ីនកាំរស្មីអ៉ិច ប្រភេទឌីជីថល ទំនើបចំនួន៦ម៉ាស៊ីន ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) សម្រាប់ប្រគល់បន្តដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខេត្តកណ្តល និងខេត្តត្បូងឃ្មុំ សម្រាប់គាំទ្រសកម្មភាពអនុវត្តគម្រោងគំនិតផ្តូចផ្តើមនៃចលនាសហគមន៍ ដើម្បីបញ្ចប់ជំងឺរបេង (ខំមីត) តាមរយៈអង្គការខាណា (KHANA)។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមានលោកវេជ្ជបណ្ឌិត ហ៊ុយ សិរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល, លោកស្រី Erin Nicholson នាយិកាបេសកម្មស្តីទី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ ក្នុងការពន្លឿនការឆ្លើយតបទៅនឹងជំងឺរបេង និងការចូលរួមផ្តល់ការគាំទ្ររបស់សហរដុ្ឋអាមរិក ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនផងដែរ។

លោកស្រី Erin Nicholson នាយិកាបេសកកម្មស្ដីទីរបស់ USAID បានថ្លែងថា៖ «ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទកភាពក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេង នៅកម្ពុជាឱ្យបានត្រឹមឆ្នាំ២០៣០។ ម៉ាស៊ីនកាំរស្មីអ៉ិច ដែលប្រគល់ជូនថ្ងៃនេះនឹងជួយកម្មវិធីជាតិក្នុងការស្វែងរកអ្នកសង្ស័យជំងឺរបេង ដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើឱ្យសុខភាពរបស់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះដោយសារជំងឺនេះមានភាពប្រសើរឡើង»

លោកវេជ្ជបណ្ឌិត ហ៊ុយ សិរីវឌ្ឍនៈ បានគូសបញ្ជាក់ថា «ការគាំទ្ររបស់ទីភ្នាក់ងារ USAID ដល់ NTP មានគោលបំណងនាំយកការធ្វើរោគវិនិច្ឆ័យកាន់តែលឿន និងត្រឹមត្រូវទោជិតសហគមន៍ ដែលនឹងចូលរួមចំណែកក្នុងការស្វែងរកការ បាត់ដាន ដើម្បីបញ្ចប់ជំងឺរបេង និងលើកកម្ពស់វិបុលភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់»

បើតាមលោកវេជ្ជបណ្ឌិត ដើម្បីសម្រេចបាននូវគោលដៅនេះសកម្មភាពគាំទ្រ របស់ទីភ្នាក់ងា USAID កំពុងបង្កើនការស្វែងរកករណីជំងឺរបេងតាមរយៈគម្រោងនានា ដូចជាគម្រោងគំនិតផ្តួចផ្តើមចលនាសហគមន៍ ដើម្បីបញ្ចប់ជំងឺរបេង ដែលងត្រូវបានគេស្គាល់ផងដែរថា COMMIT។

ម៉ាស៊ីនកាំរស្មីអិក្ស ចល័តទាំងនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកសាធារណៈ ដើម្បីស្វែងរកករណីជំងឺរបេងតាមសហគមន៍ នៅក្នុងស្រុកប្រតិបត្តិចំនួន១០ ដែលមិនសូវមានការឧបត្ថម្ភគាំទ្រ។

ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងគាំទ្រដល់ការដំឡើងកម្មវិធីបញ្ញាសិប្បនិមិត្ត (Artificial intelligence) ដល់ម៉ាស៊ីនកាំរស្មីអិក្សទាំងនេះ ដែលនឹងរកមើលរោគរបេងតាមប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយបន្ទុកការងាររបស់ អ្នកបច្ចេកទេសកាំរស្មីអិក្ស និងធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យជំងឺរបេង។ លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះដើរតួរយ៉ាងសំខាន់ក្នុងការសិក្សាអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទីបី ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។

ប្រទេសកម្ពុជា លែងស្ថិតក្នុងបញ្ជីសកលក្នុងបណ្ដាប្រទេសដែលមានបន្ទុកខ្ពស់ខាងជំងឺរបេងចំនួន៣០ទៀតហើយ តែទោះជាយ៉ាងណាក៏ដោយ គេបានប៉ាន់ប្រមាណថាករណីជំងឺរបេងប្រហែល ២ម៉ឺនករណីកំពុងបាត់ដានរកមិនទាន់ឃើញនៅក្នុងប្រទេស។

ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាគាំទ្រកម្មវិធីជាតិជំងឺរបេង តាមរយៈសកម្មភាពនេះ និងគម្រោងផ្សេងៗទៀត ដែលកំពុងកែលម្អការស្វែងរកករណីជំងឺរបេង ការធ្វើរោគវិនិច្ឆ័យការធ្វើអភិបាលកិច្ច និងការវាយតម្លៃជំងឺរបេង៕