(ភ្នំពេញ)៖ មហាយក្សចិនមានបំណងចង់សហការជាមួយកម្ពុជា ធ្វើជាគំរូសម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ី។ នេះបើតាមការថ្លែងរបស់ លោក វ៉ាង វិនធាន ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពជាប្រពៃណីបង្កើតជា គំរូថ្មី និងទីខ្ពស់ថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជួយកម្ពុជាសម្រេចបាននូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣៥ ជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយទៀត ធ្វើជាគំរូសម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ី និងបញ្ចូលជាកម្លាំងរុញច្រានថ្មី សម្រាប់ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់នៃចិន-អាស៊ាន»

ក្នុងសិក្ខាសាលាដដែល លោក វ៉ាង វិនធាន បានជូនពរឲ្យចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ឋិតថេរជាអមតៈ។

ចំណែកឯ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាមិត្ត ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ទាំងនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ទាំងនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

រយៈកាលកន្លងទៅ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្ដែងចំនួន ៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់បញ្ជាក់កន្លងទៅ។

លោកថា ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦មក មូលនិធិពិសេសនេះបានផ្ដល់នូវលទ្ធផលជាក់ស្ដែង និងបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសមេគង្គ-ឡានឆាង។

លោកបញ្ជាក់ថា «យើងបានបង្រួមគម្លាតនៃការអភិវឌ្ឍរបស់យើងបន្ថែមទៀត តាមរយៈសមាហរណកម្ម និងអន្តរ-ទំនាក់ទំនងនៃការអភិវឌ្ឍ និងបានពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើង ទៅនឹងតម្រូវការរបស់ប្រជាជនយើង។ ប៉ុន្តែសំខាន់បំផុត យើងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ព្រមទាំងការផ្តោតលើការបំពេញបន្ថែមរបស់យើង សំដៅពង្រឹងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ»

សូមជម្រាបថា ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» ដោយមានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ កម្មវិធីនេះ គឺជាសកម្មភាពមួយក្នុងចំណោមកម្រងសកម្មភាពមួយចំនួនដែលបានគ្រោងទុក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសមេគង្គ ក៏ដូចជាពង្រឹងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ របស់កម្ពុជា៕