(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មន្ទីរសុខាភិបាល បានសហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សង្កាត់ទាំង៥ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស ប្អូនៗ ស.ក.យ.ក កាកបាទក្រហម និងមន្រ្តីសុខាភិបាល ប្រមាណ២០០នាក់ បានរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត បានថ្លែងថា សម្រាប់ខេត្តបន្ទាយមានជ័យ រកឃើញ៤០ករណី តែបានព្យាបាលជាសះស្បើយ ដោយក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្ត។ លោកថា មូលហេតុដោយសាររដូវនេះ មានភ្លៀងធ្លាក់ ដែលបណ្តាលឲ្យមានភ្នាក់ងារចម្លង គឺមូសខ្លាខាំបណ្តាលឲ្យកើតជំងឺគ្រុនឈាម ដែលភាគច្រើនកើតលើកុមារ ដូច្នេះការបើកយុទ្ធានាការថ្ងៃនេះ ជាការផ្សព្វផ្សាយ និងផ្ញើសាដាស់តឿន ក្រើនរំលឺកដល់បងប្អូន ប្រជាពលរដ្ឋចាប់អារម្មណ៍ និងចូលរួមក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាម។

លោកបន្តថា យុទ្ធនាការនេះផ្តើមពីបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ពិសេសការចូលរួមសហការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ អង្គការដៃគូ និងផ្នែកវិស័យឯកជន ក្នុងនោះ ត្រូវចូលរួមបំបាត់ជម្រកមូស ដោយត្រូវសំអាតអនាម័យ បរិស្ថានជុំវិញផ្ទះ ជីកប់វត្ថុដែលអាចដក់ទឹកបាន ដូចជា៖ សំបកកំប៉ុង សំបកដូង កង់ឡាន ម៉ូតូ លុបបំបាត់ចង្អូរ ថ្លុក ដែលអាចដក់ទឹក ជម្រះស្មៅ ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដងផ្លូវ ធ្វើយ៉ាងឲ្យស្អាត បើកទ្វារផ្ទះឲ្យមានខ្យល់ ពន្លឺចេញ ចូល គេងក្នុងមុង ដាក់អាបែតក្នុងពាងទឹក ហើយគ្របឲ្យបានជិតល្អ ឬក៏ចញ្ចឹមត្រីប្រាំពីរពណ៌ដើម្បីឲ្យស៊ីដង្កូវទឹក។

បើតាមវេជ្ជបណ្ឌិត បើមានករណីសង្ស័យមានជំងឺគ្រុនឈាម សូមអញ្ជើញទៅពិគ្រោះ និងព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយកុំព្យាបាលនៅផ្ទះដោយខ្លួនឯង ដែលអាចបណ្តាលឲ្យទៅជាធ្ងន់ធ្ងរ ពិបាកព្យាបាលពេលបញ្ជូនមកកាន់មន្ទីរពេទ្យ។

នាព្រឹកនេះ ក៏មានការដង្ហែក្បួន មានការចាក់មេក្រូផ្សព្វផ្សាយសារអប់រំ ការចុះដាក់អាបែត តាមខ្នងផ្ទះ ការផ្តល់មុងជ្រលក់ថ្នាំ និងការពន្យល់សារអប់រំខ្លីៗជូនបងប្អូនប្រជាពលរដ្ឋ ហើយបន្ទាប់មកទៀត បានប្រគល់អាបែតឲ្យដល់ មណ្ឌលសុខភាព ដើម្បីសហការជាអាជ្ញាធរមូលដ្ឋា ប្រជាការពារ ក្រុមទ្រទ្រង់សុខភាពភូមិដើម្បីដើរដាក់តាមពាងទឹកតាមខ្នងផ្ទះ តាមសង្កាត់រៀងៗខ្លូន ចំណែកក្រុមការងារបច្ចេកទេសសុខាភិបាលបន្តការបាញ់ថ្នាំមូស នៅពេលព្រលប់ និងទាបភ្លឺ នៅតបន់មួយចំនួនដែលមានជម្រកមូសច្រើន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺគ្រុនឈាម៕