(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់រង្វាន់ហុងដា សម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ដល់និស្សិតជ័យលាភីចំនួន៨រូបនៅកម្ពុជា ប្រចាំឆ្នាំ២០២០ និង២០២១។

កម្មវិធីនេះរៀបចំឡើងដោយមូលនិធិហុងដា (Honda Foundation) សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះក៏មានការចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក YANAGAWA Shinji អនុប្រធានតំណាង JICA ប្រចាំនៅកម្ពុជា លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ពិត ចំណាន សម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងនិស្សិតកម្ពុជា ក្នុងនោះលោកលើកឡើងថា ជោគជ័យរបស់ក្មួយៗជាមោទនភាពរបស់កម្ពុជា និងក្រុមគ្រួសារព្រមទាំងជាគំរូដ៏ប្រសើរ សម្រាប់និស្សិតកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់។

លោកបានបញ្ជាក់ថា «ក្នុងនាមជាប្រធានគណៈកម្មាធិការ កម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ប្រចាំប្រទេសកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះមូលនិធិហុងដា ដែលបានផ្តួចផ្តើមនូវកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង ក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម និងបានដាក់បញ្ចូលប្រទេសកម្ពុជា ក្នុងកម្មវិធីនេះតាំងពីឆ្នាំ២០០៨ផងដែរ»។

លោកបានបញ្ជាក់ថា មូលនិធិហុងដាបានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា និងឧស្សាហកម្ម ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគោលដៅប្រកបដោយសុទិដ្ឋិនិយមរបស់លោក ហុងដា សូអ៊ីជីរ៉ូ ស្ថាបនិកមូលនិធិហុងដា គឺចង់បង្កើតនូវភាពស៊ីសង្វាក់គ្នារវាងមនុស្សជាតិ និងវិទ្យាសាស្រ្ត ក្នុងផ្នត់គំនិតកែច្នៃវិទ្យាសាស្រ្តឲ្យបម្រើ ដល់សុខសន្តិភាពរបស់មនុស្សយ៉ាងពិតប្រាកដ។

លោកបន្ថែមថា កម្ពុជាពិសេសនិស្សិតការចូលរួមរបស់មូលនិធិហុងដា ជាកម្លាំងចលករ និងការបណ្តុះនូវគំនិតស្រលាញ់វិស័យវិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព ក្មួយៗគឺជាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសជាតិ ក៏ដូចជាសកលលោកទាំងមូល។ ដូច្នេះក្មួយៗនៅមានកាតព្វកិច្ចជាច្រើនដែលត្រូវបំពេញ និងមានកិច្ចការល្អៗ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិហុងដាពិសេស ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ដែលនៅតែបន្តរៀបចំកម្មវិធីរង្វាន់ខាងលើ ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជា ក្នុងការដុសខាត់ពុទ្ធិ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើវិទ្យាសាស្រ្តដែលផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់មនុស្សជាតិ សង្ឈឹមថាមូលនិធិហុងដា ក៏ដូចជារដ្ឋាភិបាលជប៉ុននឹងបន្តជ្រោមជ្រែង ក្នុងការអភិវឌ្ឍធនធាន មនុស្សតាមរយៈកម្មវិធីហុងដា កម្មវិធីបណ្តុះបណ្តាលនានា និងកម្មវិធីអាហាររូបករណ៍ដទៃទៀត សម្រាប់ប្រទេសកម្ពុជា តទៅទៀត។

លោកបណ្ឌិត ជេត ជាលី បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍យុទ្ធសាស្រ្ដរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សលើកកម្ពស់ពីប្រទេសមានចំណូលកម្រិតមធ្យម ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា សម្រាប់និស្សិតចំនួន៨រូបដែលបានជាប់ជ័យលាភី ពានរង្វាន់ហុងដា សម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងរួមមាន៖
១៖ កែវ សីហា មកពីវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា។
២៖ ឡាយ ជារីតា មកពីវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា។
៣៖ វ៉ានី ពណ្ណរុង មកពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ។
៤៖ សឹង ច័ន្ទតារា មកពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ។
៥៖ ឈួរ សុច័ន្ទរិមល មកពីវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា។
៦៖ ម៉េង ទេពី មកពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ។
៧៖ ងួន លីដា មកពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ។
៨៖ ព្រុំ សុខរាជ មកពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមជម្រាបថា មូលនិធិហុងដាប្រទេសជប៉ុន បានខិតខំប្រឹងប្រែងណែនាំលើកទឹកចិត្ត និងផ្សព្វផ្សាយគំនិត ទាក់ទងនឹងអេកូតិចណូឡូជី ក្នុងតំបន់អាស៊ី និងបន្តផ្តល់ចំណេះដឹងនេះ ដល់អ្នកជំនាន់ក្រោយ មិនតែប៉ុណ្ណោះមូលនិធិហុងដាបានបណ្តុះបណ្តាលនូវទំនាក់ទំនងស៊ីជម្រៅ ក្នុងចំណោមអ្នកដឹកនាំនាពេលអនាគត ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្ម រវាងប្រទេសជប៉ុន និងប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍៕