(សៀមរាប)៖ ប្រជាជនខេត្តសៀមរាប បានចាប់ផ្តើមងាកមកដាំដំណាំកាកាវ ដើម្បីលើកកម្ពស់ជីវភាព និងវិស័យកសិកម្មនៅកម្ពុជា។ ដ្បិតកាកាវ ជាដំណាំថ្មីនៅប្រទេសកម្ពុជា តែជាដំណាំឧស្សាហកម្មមួយដ៏ពេញនិយម និងមានទីផ្សារល្អ។

លោក អ៊ន់ ពិជ័យ ជាប្រជាកសិករនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ថា លោកចាប់ផ្តើមដាំដំណាំកាកាវ តាមរយៈក្រុមហ៊ុន Family cacoa រយៈពេល២ឆ្នាំមកហើយ។ ឆ្នាំនេះជាឆ្នាំដំបូងដែលកាកាវរបស់លោកផ្តល់ទិន្នផល ហើយការប្រមូលផលទើបបាន៤ខែចុងក្រោយនេះតែប៉ុណ្ណោះ។ ក្នុងមួយសប្តាហ៍ ដំណាំកាកាវប្រមាណ ៥០០ដើមរបស់លោក អាចបេះផ្លែលក់បានពី ៤០ ទៅ ៥០គីឡូក្រាម។

លោក អ៊ន់ ពិជ័យ ប្រាប់យ៉ាងដូច្នេះថា «ដោយសារយើងមានការទុកចិត្តលើក្រុមហ៊ុន Family cacoa គឺក្រុមហ៊ុនគេកុងត្រាទិញត្រឡប់យកទៅវិញ ដែលកុងត្រាម្តងមានរយៈ១០ឆ្នាំ ក្រុមហ៊ុនទិញផ្លែកាកាវស្រស់ក្នុង ១គីឡូ ១២០០រៀល»

កសិករដាំកាកាវរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់កាកាវក្នុងឆ្នាំដំបូង វាមិនសូវបានផលប៉ុន្មានទេ ក្នុងមួយដើមអាចផ្តល់ផលបាន ៥គីឡូក្រាម ឬលើសពីនេះតិចតួចតែប៉ុណ្ណោះ ប៉ុន្តែវាចាប់ផ្តើមផ្លែច្រើននៅឆ្នាំបន្ទាប់ៗ ហើយដំណាំនេះ មានផ្លែរហូត ឱ្យតែកសិករថែទាំបានល្អ និងមានប្រភពទឹកគ្រប់គ្រាន់។ វាជាដំណាំធន់នឹងអាកាសធាតុ។

ចំណែកកសិករមួយរូបទៀត គឺលោក យឿម យឿន រស់នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានលើកឡើងប្រហែលនឹងកសិករខាងលើដែរ។ លោក បានបញ្ជាក់ថា កាកាវជាដំណាំផ្តល់ផលជាប្រចាំដល់កសិករ ពោលគេអាចប្រមូលផលប្រចាំសប្ដាហ៍បាននៅពេលកាកាវទុំ។ លោក យឿន បន្តថា «ដំណាំនេះ អាចជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចក្នុងប្រទេស ជាពិសេសមិនបាច់ចំណាកស្រុក អាចងាកមកសិក្សាអំពីដំណាំកាកាវនេះបាន»

កសិកររូបនេះ បានផ្តាំទៅកសិករដទៃទៀតប្រសិនជាចង់ដាំ គឺត្រូវយកចិត្តទុកដាក់ថែទាំឱ្យបានដិតដល់ ជាពិសេសប្រព័ន្ធទឹក បើអាច គឺត្រូវរៀបប្រព័ន្ធទឹកបានកាន់តែប្រសើរថែមទៀត។

កសិករដាំកាកាវទាំងពីររូបខាងលើ បានអំពាវនាវដល់ប្រជាកសិករទាំងអស់ បើមានដីទំនេរ សូមកុំទុកឱ្យដីទំនេរចោល ព្រោះដំណាំនេះមានកុងត្រាក្នុងការទិញត្រឡប់យកវិញ ហើយកុងត្រាម្តងមានរយៈពេល១០ឆ្នាំ។ ពួកគាត់ បានលើកឡើងថា កន្លងមកប្រជាកសិករបារម្ភជាងគេ គឺការដាំហើយមិនដឹងយកទៅលក់ខាងណា ចំពោះដំណាំកាកាវនេះ គឺក្រុមហ៊ុន Family cacoa មានកុងត្រាទិញត្រឡប់យកទៅវិញ ហើយជាដំណាំដែលមានអាយុវែងផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន Fresh News អ្នកស្រី ស៊ុំ សុរង្សី នាយិកាក្រុមហ៊ុន Family cacoa បានឲ្យដឹងថា ដើមឡើយអ្នកស្រីជាអ្នកចម្ការមួយដែរ កាលពីមុនធ្វើដំណាំគ្រប់ភេទ ប៉ុន្តែពេលប្រមូលផល គឺអាស្រ័យទៅដោយឈ្មួញឱ្យតម្លៃ ហើយក៏ធ្លាប់ជួបបញ្ហាខាតបង់ជាច្រើនលើកច្រើនសារ។ ក្រោយមកអ្នកស្រី ក៏បានចុះទៅសិក្សានៅខាងប្រទេសថៃ ហើយឃើញថា ដំណាំកាកាវនេះជាដំណាំថ្មី ប៉ុន្តែវាល្អហើយមានទីផ្សារនៅលើពិភពលោក។ នៅឆ្នាំ២០១៨ និង២០១៩ អ្នកស្រី បានចាប់ផ្តើមរត់ច្បាប់ក្នុងការបើកក្រុមហ៊ុន។ ចំពោះពូជកាកាវដែលក្រុមហ៊ុនយកមកដាំ មានឈ្មោះថា «ឈុំផននឹង» ជាប្រភេទពូជមិនរើសដី និងធន់នឹងអាកាសធាតុ។

អ្នកស្រី ស៊ុំ សុរង្សី បានបន្តថា «នៅឆ្នាំ២០១៩ គឺមានការពិបាកជាខ្លាំងក្នុងផ្សព្វផ្សាយ ដោយសារនៅពេលចុះផ្សព្វផ្សាយប្រជាកសិករគាត់តែងតែគិតថា ជាដំណាំបញ្ឆោត គ្រាន់តែដើម្បីលក់កូន ពុំមានទីផ្សារច្បាស់លាស់ដូចក្រុមហ៊ុនមុនៗធ្លាប់ធ្វើដែរ»

អ្នកស្រីពន្យល់ថា គោលការណ៍ក្រុមហ៊ុន មុនលក់ពូជជូនប្រជាកសិករ ក្រុមហ៊ុនចុះសិក្សាទីតាំងចម្ការរបស់កសិករសិន ថាតើអាចសមស្របសម្រាប់ការដាំដំណាំកាកាវនេះដែរឬទេ។

ស្ត្រីជាម្ចាស់ក្រុមហ៊ុន Family cacoa បានពន្យល់ពីលក្ខណៈសម្បត្តិល្អនៃដំណាំកាកាវនេះថា ជាដំណាំអាចដាំបានលើដីមិនលិចទឹក មានប្រភពទឹកស្រោចស្រប់គ្រប់គ្រាន់ និងសិក្សាទំហំដែលកសិករដាំ និងកម្លាំងថែទាំជាដើម ដើម្បីជៀសវាងការយកពូជទៅហើយ ប៉ុន្តែគ្មានគុណភាពត្រឡប់មកវិញ ព្រោះក្រុមហ៊ុន គឺទូទាត់ប្រាក់ដែលកសិករទិញកូនយកទៅដាំ ចំនួន ៧០ភាគរយមុន និង ៣០ភាគរយទូទាត់នៅពេលបេះផ្លែ។ ក្រៅពីនេះ ប្រសិនមានហានិភ័យ ឬគ្រោះធម្មជាតិកើតឡើងដោយយថាហេតុដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃ។ល។ ដូច្នេះប្រាក់ ៣០ភាគរយដែលមិនទាន់ទូទាត់នោះ ក្រុមហ៊ុនមិនយកពីកសិករទេ។

អ្នកស្រី ស៊ុំ សុរង្សី បន្ថែមទៀតថា មកដល់ពេលនេះមានប្រជាកសិករចំនួនជិត ២០ខេត្តហើយ ដែលយកពូជទៅដាំ និងបានផ្តល់ផលមកវិញជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២២នេះ ខេត្តដែលមមាញឹកក្នុងការដាំជាងគេ មានខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តពោធិ៍សាត់ ដែលដាំជាលក្ខណៈចម្ការ មាន ៣ហិកតា ៥ហិកតា និងខ្លះ ១០ហិកតាជាដើម។ បច្ចុប្បន្ននេះក្រុមហ៊ុនបានប្រមូលផលត្រឡប់មកវិញក្នុងមួយខែបានយ៉ាងតិចបំផុតត្រឹម ៣តោន។ ចំពោះដំណាំកាកាវនេះ មានអាយុ ២ឆ្នាំអាចទទួលផលមកវិញជាបណ្ដើរៗ ហើយវាអាស្រ័យទៅលើអ្នកថែទាំដែរ។

នាយិកាក្រុមហ៊ុន Family cacoa បន្តទៀតថា បច្ចុប្បន្នការប្រមូលផលរបស់ប្រជាកសិករ គឺក្រុមហ៊ុនយកមកកែច្នៃក្នុងខេត្តសៀមរាប ដោយគម្រោងបង្កើតសិប្បកម្មមួយកន្លែងនៅស្រុកពួក ដើម្បីកែច្នៃជាសូកូឡា។ ជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងបើករោងចក្រកែច្នៃជី ប្រេង ម្សៅ និងតែ នៅស្រុកស្វាយលើ៕