(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានអញ្ជេីញចាកចេញពីប្រទេសកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃ។

ទស្សនកិច្ចនេះធ្វេីឡេីងតបតាមការអញ្ជេីញពីសំណាក់ លោកដាតុ Haji Idris Bin Haji Ahmad រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសាសនាឥស្លាម នៃប្រទេសម៉ាឡេស៊ី ដេីម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី «ការលេីកកម្ពស់សន្តិភាព ភាពសុខដុម ការរួបរួម និងភាពចម្រុះ ក្នុងចំណោមថ្នាក់ដឹកនាំឥស្លាមទូទាំងពិភពលោក»។

សន្និសីទនេះ ត្រូវបានរៀបចំដោយ ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាមម៉ាឡេស៊ី សហការជាមួយ អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក Dato' Sri Ismail Sabri bin Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយមានការអញ្ជេីញចូលរួមពីមេដឹកនាំសហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូជុំវិញពិភពលោក។

កំឡុងពេលស្នាក់នៅ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងអញ្ជេីញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័ន អង្គការ-សមាគមមនុស្សធម៌នានា និងថ្នាក់ដឹកនាំម៉ាឡេស៊ី ដេីម្បីពង្រឹងទំនាក់ទំនង និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វេីឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា និងការស្តារ និងដោះស្រាយបញ្ហានានា កំឡុងពេលកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕