(ពោធិ៍សាត់)៖ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងវគ្គអប់រំផ្សព្វផ្សាយ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តពោធិ៍សាត់។

វគ្គអប់រំផ្សព្វផ្សាយខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួម ពីសំណាក់លោក ចេង ឡៃ អភិបាលខេត្តស្តីទី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលយុត្តិធម៌ជាច្រើនរូបទៀត។

គោលបំណង នៃការបើកវគ្គអប់រំផ្សព្វផ្សាយ គឺដើម្បីផ្តល់ការយល់ដឹង ដល់អ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលអាចនឹងត្រូវបានដកហូតសេរីភាព៖ ទី១-ធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកលើជនដែលត្រូវបានដកហូតសេរីភាព។ ទី២-ធានាឱ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូត សេរីភាព។ ទី៣-ធានាថាមន្រ្តីសាធារណៈជាអ្នកគ្រប់គ្រងមនុស្ស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការគោរព។

លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បានថ្លែងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាព នៅពេលបំពេញមុខងាររបស់ខ្លួន។ ជំហានថ្មីមួយទៀតដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព រួមមានពន្ធនាគារយោធា រាជធានី ខេត្ត ទាំង ផ្នែកព្យាបាលជនវិកលចរិក មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះអាសន្ន របស់នគរបាលយុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន និងមណ្ឌលអប់រំផ្សេងៗទៀត។ ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះ ពីទារុណកម្ម ឬទណ្ឌកម្ម ដែលមានចរិកឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។

លោកបានបន្ថែមថា តាមរយៈនៃការអប់រំផ្សព្វផ្សាយនេះ លោកសូមឱ្យអ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលនឹងត្រូវបានដកហូតសេរីភាព ត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ ទៅនឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន និងធានាថាមន្ត្រីសាធារណៈ ជាអ្នកគ្រប់គ្រងមនុស្ស ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវ អនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

លោកគូសបញ្ជាក់ថា បច្ចុប្បន្នៈគណៈកម្មាធិការជាតិ ប្រឆាំទារុណកម្ម ទើបតែបង្កើតឡើង ដូចនេះប្រឈមទៅនឹងបញ្ហាជាច្រើន តែទោះជាយ៉ាងនេះ ត្រូវតែខិតខំពង្រឹងតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួន ដោយសង្ឃឹមថាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលបានការយល់ដឹងច្បាស់ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ សម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទី ភារកិច្ចឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព៕